តាមប្រភពព័ត៌មានដែលបានចេញផ្សាយនាពេលថ្មីៗនេះបានអោយដឹងថា÷
រដ្ឋាភិបាលអង់គ្លេសបានត្រៀមកែតម្រូវលើស្ថានភាពរបស់ប្រទេសថៃពីប្រទេសពណ៌លឿង (Amber List) ទៅជាប្រទេសពណ៌ក្រហម (Red List) ចាប់ពីថ្ងៃទី 30 ខែសីហា ឆ្នាំ2021 នៅវេលាម៉ោង 04:00 តាមម៉ោងក្នុងស្រុក។ ការធ្វើដូច្នេះ គឺដោយសារតែការឆ្លងរាលដាលរបស់មេរោគ Covid-19 នៅប្រទេសថៃ នៅតែមានការឆ្លងមេរោគ Covid-19 ខ្លាំងនៅឡើយ។
ហើយប្រសិនបើជនជាតិថៃធ្វើដំណើរចូលប្រទេសអង់គ្លេស ត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ចំនួន 10 ថ្ងៃ ដោយទទួលបន្ទុកក្នុងការចំណាយដោយខ្លួនឯងទាំងអស់ ក្នុងខណ:ពេលដែលធ្វើចត្តាឡីស័កក្នុងសណ្ឋាគារចំនួន 10ថ្ងៃនោះ។
ហើយលើសពីនេះទៅទៀត ចំពោះអ្នកណា ដែលទទួលបាននូវការអនុញ្ញាតឲ្យធ្វើដំណើរចូលប្រទេសអង់គ្លេសបាន ហើយមានប្រវត្តិធ្លាប់ទៅកន្លែងពណ៌ក្រហម នៅប្រទេសថៃ ក្នុងអំឡុងដែលប្រទេសថៃកំពុងតែមានបញ្ហាឆ្លងខ្លាំងនេះ ហើយមុនការធ្វើដំណើរមកប្រទេសអង់គ្លេស គឺត្រូវយកសំណាករយៈពេល 3 ថ្ងៃ មុនធ្វើដំណើរចូលប្រទេសអង់គ្លេស។ ទោះបីជា បានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ មិនថាជនជាតិថៃ ជនជាតិណា ឬជាពលរដ្ឋរបស់អង់គ្លេសក៏ដោយ ត្រូវតែអនុវត្តតាមវិធានការដូនេះទាំងអស់។
ការប្ដូរស្ថានភាពប្រទេសក្នុងបញ្ជីលើកនេះ មានប្រទេស 2 គឺ ប្រទេសថៃ និងប្រទេសម៉ុងតេនេក្រូ ដែលប្ដូរពីពណ៌លឿង ទៅជាពណ៌ក្រហម។ អ្នកដែលត្រូវធ្វើដំណើរ ទៅកាន់ប្រទេសអង់គ្លេសលើកនេះ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ និងតាមដានស្ថានការណ៍ឲ្យបានដិតដល់។
សូមបញ្ជាក់ថា ថ្ងៃនេះនៅប្រទេសថៃ មានចំនួនអ្នកឆ្លងមេរោគ កូវីដ-19 ចំនួន 15,972 នាក់ ស្លាប់ 256នាក់ សរុបអ្នកឆ្លងទាំងអស់ចំនួន 1,190,063 នាក់ ធ្វើអោយប្រទេសថៃ ឈរនៅលេខរៀងទី 29 ក្នុងចំនួនអ្នកឆ្លងទូទាំងពិភពលោក ហើយចំនួនអ្នកស្លាប់សរុប 11,399 នាក់ អ្នកចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី៣០ ខែសីហា នេះដូសទី1 ចំនួន 22,807,078 នាក់ ដូសទី2 ចំនួន 7,287,885 នាក់៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក