តំបន់ប្រាសាទកោះកេរ ដែលមានទំហំជិត៩០០០ហិកតា និងមានប្រាសាទជាង៥០ ប្រាសាទ ហើយដែលកម្ពុជាបានស្នើសុំបញ្ជីបេតិកភណ្ឌពិភពលោកនោះ នឹងត្រូវសម្រេចនៅក្នុងកិច្ចប្រជុំនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ នៅសហព័ន្ធរុស្សី នេះបើតាមការបញ្ជាក់ពីលោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកា នៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ដើម្បីត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។
លោក គង់ ពុទ្ធិការ បានមានប្រសាសន៏នារសៀលថ្ងៃទី២៧ ខែសីហា នេះថា ទាក់ទងការស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរនេះ យើងបានធ្វើឯកសារស្នើសុំចុះបញ្ជី និងបានដាក់ជូនគណៈកម្មធិការយូណេស្កូរួចហើយ កាលពីខែមករាដើមឆ្នាំ២០២១ នេះ ហើយបើតាមកម្មវិធី គណៈកម្មាធិការ នឹងបើកកិច្ចប្រជុំនៅខែកក្កដា ឆ្នាំ២០២២នៅសហព័ន្ធរុស្សី។
លោក គង់ ពុទ្ធិការ បានឲ្យងឹដែរថា ការដាក់ប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺដាក់តំបន់ទាំងមូលតែម្ដង ហើយនៅក្នុងពាក្យស្នើសុំ យើងប្រើពាក្យសុំចុះបញ្ជីរមណីយដ្ឋានកោះកេរ។ ពាក្យថារមណីយដ្ឋាននេះ មិនមែនមានតែប្រាសាទទេ គឺចុះមួយតំបន់តែម្ដង។ ពីព្រោះប្រាសាទកោះកេរនេះ គឺជាតំបន់ប្រាសាទ ជាអតីតរាជធានី ដែលមានប្រាសាទច្រើន ដូច្នេះយើងស្នើសុំចុះមួយតំបន់នេះតែម្ដង ដែលក្នុងនោះ មានផ្ទៃដីសរុបរួមចំនួនជាង៨៧០០ហិកតា ហើយមានជាង៥០ ប្រាសាទ។ ក្រុមនោះ ក៏មានទួលបុរាណ ទំនប់បុរាណ ផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
តាមឯកសាបញ្ជាក់ថា ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ ហើយប្រាសាទនេះ កសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ និងរូបភាពដោយ មានជ័យ