ជាធម្មតានៅពេលយើងនិយាយអំពីការដឹកជញ្ជូន យើងតែងស្រមៃដល់ ការដឹកទំនិញតាមរយៈ កប៉ាល់ យន្តហោះ និងឡានដឹកទំនិញដែលធ្វើដំណើររឆ្លងកាត់ឃ្លាំងទៅរោងចក្រធំៗ។ ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិការដឹកជញ្ជូននៅក្នុងរោងចក្រឧស្សាហកម្មធំៗ មិនងាយស្រួលនោះទេ ព្រោះដឹកជញ្ជូនសមាសធាតុផ្សេងៗ និងផលិតផលសម្រេច ត្រូវការផែនការយ៉ាងជាក់លាក់។ នេះហើយជាមូលហេតុដែលក្រុមហ៊ុនផលិតម៉ាស៊ីនធំបំផុតរបស់ពិភពលោក បានស្វែងរកនូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតចំពោះផ្នែកដឹកជញ្ជូនរបស់ខ្លួន។
វាអាចធ្វើឲ្យយើងភ្ញាក់ផ្អើលដែល Audi Hungaria គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនធំបំផុតរបស់ពិភពលោក ក៏ជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនសំខាន់ៗជាច្រើន នៃម៉ាក Volkswagen។ ហើយខណៈពេលដែលឧស្សាហកម្មយានយន្តអាច នឹងឆ្ពោះទៅរករថយន្តអេឡិចត្រូនិក ម៉ាស៊ីនគឺជាចំនុចដែលមានសារៈសំខាន់ជាងគេ។ ប្រសិនបើ Audi Hungaria មិនមានដំណើរប្រតិបត្តិការដែលមានប្រសិទ្ធភាពអតិបរមា Volkswagen ទាំងមូលនៅទ្វីបអឺរ៉ុបអាចជួបប្រទះនឹងភាពយ៉ាប់យឺន។ នោះហើយជាមូលហេតុដែល Audi Hungaria បានសហការជាមួយ Jungheinrich ជួលរថយន្តដឹកជញ្ជូនស្វ័យប្រវត្តិចំនួន ៦ គ្រឿង ដើម្បីធ្វើការដឹកជញ្ជូននៅក្នុងផលិតកម្ម ផលិតម៉ាស៊ីនអូតូចំណុះ ២ លីត្រ។
បរិបទមនុស្សយន្តថ្មីដែលត្រូវបានគេដាក់ឈ្មោះថា FTFs អាចប្រតិបត្តិលើចម្ថាយដល់ ១,០០០ ម៉ែត្រ ដែលមានស្ថានីយ៍ចំនួន ៥៧ ហើយ ៥០ ក្នុងចំណោមនោះ គឺនៅជាប់នឹងខ្សែសង្វាក់ផលិតកម្ម។ ដូចដែលយើងអាចស្រមៃបាន មនុស្សយន្តទាំងនេះអាចដឹកជញ្ជូនបាននូវសមាសធាតុផ្សេងៗគ្នា ដែលមួយក្នុងចំណោមពួកគេ អាចដឹកទំនិញបានដល់ ៥,០០០ តោន។ FTFs ត្រូវបានបំពាក់ដោយបច្ចេកវិជ្ជាចាប់ទិសដៅចុងក្រោយបង្អស់ និងដោយសុវត្តិភាព ព្រោះវាត្រូវមានដំណើរការយ៉ាងជិតស្និទ្ធជាមួយមនុស្ស។ មនុស្សយន្តទាំងនេះនឹងនាំយកសម្ភារៈវេចខ្ចប់មកឃ្លាំងដឹកទំនិញវិញ។
មនុស្សយន្តថ្មីនៅ Audi Hungaria បានបំពាក់នូវបច្ចេកវិទ្យាស្ទង់មើលទិសទីគួរឲ្យចាប់អារម្មណ៍។ ពួកគេប្រើឡាស៊ែរដែលចាំងផ្លាតលើផ្ទៃវត្ថុ ដើម្បីសម្រួលផ្លូវធ្វើដំណើររបស់ FTFs ។ ផ្ទៃចាំងផ្លាតទាំងនោះត្រូវបានតំឡើងនៅលើធ្នើ លើជញ្ជាំង និងសសរ ដែលអនុញ្ញាតឲ្យប្រព័ន្ធស្វយ័តយល់ពីទីតាំងរបស់វា និងជៀសវាងការប៉ះទង្គិចជាមួយវត្ថុ ដែលនៅនឹងថ្កល់មិនអាចផ្លាស់ប្តូរបាន ជាមួយនឹងកម្រិតមីលីម៉ែត្រដែលត្រឹមត្រូវ។ មនុស្សយន្តទាំងនេះបានសន្សំសំចៃពេលវេលា និងបានធ្វើឲ្យដំណើរការដឹកជញ្ជូនទាំងមូលនៅក្នុងក្រុមហ៊ុន Audi Hungaria មានប្រសិទ្ធភាពជាងមុន។
Robert Buttenhauser សមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគ្រប់គ្រង ដែលទទួលខុសត្រូវចំពោះការផលិតម៉ាស៊ីននៅ Audi Hungaria បាននិយាយថា “ បន្ថែមពីលើដំណោះស្រាយឆ្លាតវៃ ដែលត្រូវបានប្រើក្នុងការផលិតកម្មយើងក៏កំពុងស្វែងរកដំណោះស្រាយឌីជីថលក្នុងវិស័យដឹកជញ្ជូនផងដែរ។ ស្វ័យប្រវត្តិកម្មនៃដំណើរការដឹកជញ្ជូនរបស់យើង គឺជាជំហានដ៏សំខាន់នៅក្នុងវិស័យនេះដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់យើង ” ។
សព្វថ្ងៃនេះក្រុមហ៊ុន Audi Hungaria បានប្រើប្រាស់រថយន្តដឹកទំនិញគ្មានអ្នកបើកបរសរុបចំនួ៦០ គ្រឿង។ វត្តមានរបស់ពួកគេបានធ្វើឲ្យប្រសើរឡើងនូវ ប្រសិទ្ធភាពយ៉ាងខ្លាំង ខណៈពេលដែលសុវត្ថិភាពត្រូវបានសម្របសម្រួលរួចហើយ។ ទោះបីមិនមានមេដែកបង្កប់ មនុស្សយន្តទាំងនេះក៏អាចដំណើរការធម្មតា។ ហើយទំនងជានាពេលអនាគត នឹងមានមនុស្សយន្តស្វយ័តបន្ថែមទៀតនៅក្នុងរោងចក្រផលិតរថយន្ត ហើយភាគច្រើននៃពួកវានឹងក្លាយជា មិត្តរួមការងារជាមួយមនុស្ស៕
អត្ថបទដកស្រង់ពី Technology Org
បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត