ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋ ដងផ្លូវសាធារណៈបណ្តាលអោយខូចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើននៅក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ ២០២១ លោកគួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និង ដាក់គ្រឿងចក្រ កាយស្តារយកអាចម៍ដី និងសំរាម នៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលលំហូរចរន្តទឹកនិងរំដោះការជន់លិចបានលឿន។
ក្នុងការចុះពិនិត្យនេះដែរលោកអភិបាលខេត្ត បានឲ្យមន្ត្រីជំនាញដាក់គ្រឿងចក្រនៅតាមគោលដៅទីតាំងសំខាន់ៗប្រចាំការ ដើម្បីកាយការកកស្ទះសំរាមមួយចំនួន ដែលបង្កឡើងដោយសារការបោះចោលសំរាមរបស់ប្រជាពលរដ្ឋ ចូលទៅក្នុងប្រឡាយ ដោយមិនបានវេចខ្ចប់ត្រឹមត្រូវ។
ដូចនេះចំពោះមុខដើម្បីកាត់បន្ថយការ ជន់លិចដោយជំនន់ទឹកភ្លៀង ដែលបណ្តាលអោយដ្ទះលូររំដោះទឹកហូរមិនទាន់ រដ្ឋបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួម កុំបោះសំរាមនិងកាកសំណល់ផ្សេងៗចូលទៅក្នុងប្រព័ន្ធលូរ និងអូរប្រឡាយជាដើម ហើយអាជ្ញាធរដោះស្រាយដោយយកគ្រឿងចក្រកាយប្រព័ន្ធអូរប្រឡាយយកអាចម៍ដីនិងសំរាម នៅតាមទីតាំងងាយរកគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីឱ្យចរន្តទឹកហូរបានល្អ ធំទូលាយ និងបន្ទាប់ពីលិចលង់ដោយសារទឹកភ្លៀងរួច រអាចអោយទឹកស្រកបានលឿនជាងមុន៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក