ខេត្តសៀមរាប៖ ក្នុងរយៈពេល៦ថ្ងៃ ប៉ុណ្ណោះ កុមារក្នុងខេត្តសៀមរាប ប្រមាណជាង១៤.០០០នាក់ បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១។
លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់ដល់ក្រុមការងារ BeeTube Newsឱ្យដឹងកាលពីថ្ងៃទី២៤ ខែសីហាម្សិលមិញថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ដូសទី១សម្រាប់កុមារនេះ មានរយៈពេល១៤ថ្ងៃ ហើយកុមារដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ប្រមាណជាង១២ម៉ឺននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំងដែលបានរៀបចំទុកចំនួន២២កន្លែង ដាក់ពង្រាយតាមបណ្តាស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះរួមមានរៀបចំតាមមណ្ឌលសុខភាពចំនួន១៧កន្លែង និងនៅតាមបណ្តាទីតាំងមន្ទីរពេទ្យបង្អែកនានា ចំនួន៥កន្លែងផ្សេងទៀត។ លោកបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែសីហានេះ មានកុមារទៅទទួលវ៉ាក់សំាងបង្ការជំងឺកូវីដ១៩នេះនៅទូទាំងខេត្ដសៀមរាប មានចំនួនប្រមាណ១៤.២៦៧នាក់។
លោក សុខ ថុល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ដោយបង្កលក្ខណៈគ្រប់បែបយ៉ាង និងបានអំពាវឲ្យមាតាបិតា អាណាព្យាបាលនៃកុមារ នាំកូនចៅមកទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក