ភ្នំពេញ៖ ករណីឆេះផ្ទះជាច្រើនខ្នង នៅក្បែរវត្តទួលសង្កែ ខណ្ឌឫស្សីកែវ ផ្តើមចេញពីការដុតខ្សែភ្លើងយកស្ពាន់នេះបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង ស្មើរនឹង ១២គ្រួសារ សល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។បន្ទាប់ពីអាជ្ញាធរចុះទៅអន្តរាគមន៍ជួយពន្លត់ភ្លើង កាលពីវេលាម៉ោង ១៩:៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដុតខ្សែភ្លើងយកស្ពាន់ បានបង្ករជាអគ្គិភ័យកើតឡើង ដែលម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆាំ្ន។ ចំណែកអ្នកជួលឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ អ្នករើសអេតចាយ ហើយប្រភេទសំណង់ ផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ)។ ចំពោះការខូចខាតមាន សម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន ៥ខ្នងផ្ទះ ស្មើរនឹង ១២គ្រួសា។ចំពោះរថយន្តការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យដែលបានចេញអន្តរាគមន៍ជួយពន្លត់មានចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង ២០:០០នាទីយប់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
ទាក់ទិននិងបញ្ហាអគ្គីភ័យនេះផងដែរ ដោយយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានបញ្ជាក់ដល់ក្រុមការងារ BeeTube News ថា តាមពិតទៅសមត្ថកិច្ចអាចអាចគ្រប់គ្រងភ្លើងបានតែត្រូវចំណាចពេលយូ ដោយសារតែអគ្គីភ័យដែលឆាបឆេះនោះនៅខាងក្នុង រថយន្តពន្លត់អគ្គីភ័យមិនអាចចូលដល់កន្លែងកើតហេតុបាន ត្រូវអូសទុយោដល់ទៅជាងពីរយម៉ែត្រឯណោះ ទើបពិបាកក្នុងការគ្រប់គ្រងភ្លើង៕
អត្ថបទ និងរូបភាពដោយកណ្តាប់ដៃដែក