ខេត្តត្បូងឃ្មុំ៖ សត្វគោជាង ១២០០ក្បាលហើយ ក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងកើតជំងឺដុំពកស្បែក ដែលជាជំងឺម្យ៉ាងត្រូវបានអ្នកជំនាញពេទ្យសត្វអះអាងថា មិនមានថ្នាំព្យាបាលទេ។ ទន្ទឹមនឹងការរាតត្បាតនេះ សត្វគោចំនួន ៣០ក្បាលហើយបានងាប់ ដែលភាគច្រើនជាកូនគោតូចៗ។ នេះបើតាមការឱ្យដឹងពី លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
លោក កែន ចន្ទ័សុជាតិ បានបញ្ជាក់ថា មកទល់នេះ ជំងឺដុំពកស្បែកសត្វគោ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ មានការឆ្លងពីតំបន់មួយទៅតំបន់មួយ ពិសេសនៅតំបន់ជាប់ដងទន្លេមេគង្គ។ ជំងឺនេះវាអាចឆ្លងតាមរយៈ សត្វមូស ខ្សុច សត្វរបោម ដែលវាខាំពីសត្វគោឈឺទៅខាំសត្វគោជា ហើយសត្វទាំងនេះជាភ្នាក់ងារចម្លងមេរោគដុំពកស្បែកសត្វគោយ៉ាងសកម្មបំផុត។
លោកបន្តថា ជំងឺនេះមិនមានថ្នាំសម្រាប់ព្យាបាលនោះទេ គឺមានតែវិធីចាក់ថ្នាំបង្អាក់ និងឧស្សាហ៍លាងទឹក ឬអាច បំពកភ្លើងជាប្រចាំ ហើយត្រូវច្រូតស្មៅមកឱ្យគោស៊ីនៅផ្ទះ ជៀសវាងយកទៅចង ឬប្រលែងឱ្យស៊ីស្មៅនៅទីវាលដែលងាយឱ្យសត្វដែលជាភ្នាក់ងាចម្លងមកខាំ។ ការឆ្លងរីករាលដាលនេះ ជំនាញបសុពេទ្យបានធ្វើការទប់ស្កាត់តាមរយៈការចុះចាក់ថ្នាំបង្អាក់ និងណែនាំដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ថែមទៀត ចំពោះការថែទាំសត្វគោរបស់ខ្លួន។
ពាក់ព័ន្ធនឹងជំងឺនេះ អ្នកស្រី ផល្លីន រស់នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សត្វគោរបស់គាត់បានឆ្លង និងកើតជំងឺនេះជាបន្តបន្ទាប់ ក្នុងនោះក៏បានងាប់អស់ ១ក្បាល់ ផងដែរ តែយ៉ាងណាសត្វគោរបស់អ្នកស្រីជាង ៤០ក្បាល ហាក់បានធូរស្បើយបន្តិចវិញហើយ បន្ទាប់ពីចាក់ថ្នាំបង្អាក់ ក៏ដូចជាបញ្ច្រកថ្នាំបូរាណ។
មិនខុសពីអ្នកស្រី ផល្លីន ប្រជាពលរដ្ឋមួយចំនួនទៀតដែលចិញ្ចឹមសតវគោ ហើយកំពុងកើតជំងឺដុំពកស្បែកបានរៀបរាប់ឱ្យដឹងដែរថា គោរបស់ពួកគាត់បានឆ្លង និងកើតជំងឺនេះជាបន្តបន្ទាប់ ដោយសត្វគោមានអាការៈ កើតដុំពកពេញខ្លួន ហើយមិនស៊ីស្មៅ ប្រសិនបើខ្លាំងគឺ សត្វគោរឹងខ្លួន ដេកមិនបាន លាមកមានឈាមទៀតផង៕
អត្ថបទនិងរូបភាពដោយកណ្តាប់ដៃដែក