ខេត្តកំពង់ធំ៖ នៅក្នុងខេត្តកំពង់តែងតែមានក្រុមឈ្មួញដឹកជញ្ជូនសត្វគោងាប់ ពីចំណុច ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយគ្មានលិខិតទិញលក់ត្រឹមត្រូវ និងការពិនិត្យសុខភាពសត្វត្រឹមត្រូវអោយបានត្រឹមត្រូវពីផ្នែកបសុព្យាបាលទៀតផង។
បើយោងតាមប្រភពពីការិយាល័យបសុព្យាបាលនិងសុខភាពសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានប្រាប់ដល់ក្រុមការងារ Beetube News ថា៖ ឈ្មួញទាំងនោះតែងតែទិញសត្វគោ ដែលមានជម្ងឺ គោពុលចំណី ឬគោដែលមានបញ្ហា ឈ្មួញទាំងនេះតែងតែទិញយកទៅកាប់លក់ ដោយមិនគិតពីសុខភាពរបស់អ្នកទិញ។ ជាមួយគ្នានេះផងដែរ តាមការបញ្ជាក់របស់ឈ្មួញម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមការងារ Beetube News ឲ្យដឹងថា កុំថាឡើយគោល្អ ពួកគាត់រកតែគោពុល និងគោឈឺកាប់លក់មិនបានផង។ ឈ្មួញរូបនេះបាននិយាយទៀតថា ពួកគាត់ “បានទូរស័ព្ទប្រាប់ និងបង់ប្រាក់ទៅពេទ្យសត្វធាតុអស់ហើយពួកគាត់មិនដែលរំលងទេ" ។
តែទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋ ដែលកំពុងរស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានការព្រួយបារម្ភជាខ្លាំង ទាក់ទិននិងបញ្ហា សត្វជ្រូកនិងគោ ដែលមានជំងឺជាច្រើន ដែលត្រូវបានឈ្មួញទាំងនោះកាប់យកមកលក់លើទីផ្សារ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនដែលបានបរិភោគសាច់សត្វទាំងនោះជាខ្លាំង។
ទាក់ទិននិងបញ្ហាខាងនេះផងដែរ ក្រុមការងារ Beetube News បានព្យាយាម ទំនាក់ទំនងលោក តាន់ ម៉េងឆាង ប្រធានការិយាល័យពេទ្យសត្វខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែសីហា នេះតាមរយៈទូរស័ព្ទដៃដែរ ប៉ុន្តែមិនអាចទាក់ទងបានសោះ៕
អត្ថបទ និង រូបភាពដោយ កណ្តាប់ដៃដែក