យោធាបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើនកន្លែងរបស់ក្រុមហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្គាហ្សា (Gaza) កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់កាំភ្លើងឆ្លងព្រំដែនដែលបណ្តាលឲ្យទាហានអ៊ីស្រាអែលម្នាក់រងរបួសធ្ងន់ធ្ងរ និងពលរដ្ឋប៉ាឡេស្ទីនចំនួន៤១នាក់ទៀតរងរបួសផងដែរ។
ការរងរបួសនោះបានកើតឡើងក្នុងអំឡុងការតវ៉ានៅតំបន់ហ្គាហ្សា (Gaza) ដែលត្រូវបានរៀបចំដោយក្រុមហាម៉ាស់ (Hamas) និងក្រុមផ្សេងទៀតដោយឈានដល់ការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្បែរព្រំដែនដែលមានការការពារយ៉ាងតឹងរឹងដោយពួកគេមួយចំនួនបានព្យាយាមឡើងរបងព្រំដែន និងអ្នកខ្លះទៀតគប់គ្រឿងផ្ទុះទៅលើទាហានអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ពួកគេបានឆ្លើយតបដោយប្រើវិធីបំបែកកុបកម្មដែលរួមទាំងការបាញ់គ្រាប់ពិតនៅពេលដែលចាំបាច់។»
ក្រសួងសុខាភិបាលហ្គាហ្សា (Gaza) បាននិយាយថា ក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីន២នាក់ដែលរងរបួសធ្ងន់ធ្ងរគឺជាក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលត្រូវបានបាញ់ចំក្បាល ខណៈដែលជនរងគ្រោះផ្សេងទៀតត្រូវបានបាញ់ចំកន្លែងផ្សេងៗដូចជាដៃជើង ខ្នង និងពោះ។
ជាមួយគ្នានោះយោធាអ៊ីស្រាអែលបាននិយាយថា ការបាញ់ឆ្លងព្រំដែនចេញមកពីតំបន់ហ្គាហ្សា (Gaza) ក៏បានធ្វើឲ្យទាហានអ៊ីស្រាអែលម្នាក់រងរបួសផងដែរដោយឥលូវនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ប្រហារមកលើទាហានរបស់ខ្លួន អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំងវាយប្រហារទៅលើឃ្លាំងអាវុធចំនួន៤កន្លែងនិងទីតាំងផលិតផ្សេងទៀតដែលជារបស់ក្រុមហាម៉ាស់៕
អត្ថបទ និងរូបភាព ដោយកណ្តាប់ដៃដែក