BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

៨ចំណុចដែលក្រចកអាចបង្ហាញអំពីសុខភាពរបស់អ្នក

ថ្ងៃព្រហស្បតិ៍, 19 ខែសីហា 2021 14:52  Purple Fullmoon

លោកអ្នកប្រហែលជាមិនសូវជាចាប់អារម្មណ៏ខ្លាំងទៅលើក្រចកប៉ុន្មានទេ ឬក៏អាចត្រឹមគិតថាធ្វើក្រចក គឺជាការមើលថែគ្រប់គ្រាន់ហើយ ជាការពិតណាស់បញ្ហារបស់ក្រចកអាចជារឿងរំខាន មិនស្អាត និងគួរឲ្យបារម្មណ៍នៅពេលពួកយើងប្រទះនិងបញ្ហាប្រេះ និងបាក់ក្រចកជាដើម។ បើបញ្ហាត្រឹមរបកក្រចក ឬពណ៌ក្រចកប្រែប្រួលលោកអ្នកអាចនឹងធ្វើបិតបាំងវាដោយគ្រាន់តែលាបពណ៌ពីលើក្រចក។ តើលោកអ្នកដឹងទេថាក្រចកអាចប្រាប់ពីបំរែរបំរួលសុខភាពរបស់លោកអ្នក? 

តោះតាមដាន៨ចំណុចខាងក្រោមដែលបញ្ជាក់ថាក្រចកអាចប្រាប់ពីសុខភាពរបស់លោកអ្នក!

១. ក្រចកទន់ និងមានពណ៌ស្លេក

photo_2021-08-20_14-35-28-1

ក្រចកទន់អាចនឹងងាយរហែក ឬប្រេះគឺជារឿងធម្មតាដែលអាចបណ្តាលមកពីសារធាតុគីមី។ ក្រចកទន់អាចបណ្តាលឲ្យងាយរហែក ហើយដុះមកវិញមិនស្អាត ឬដុះមិនត្រូវជួររបស់សាច់ក្រចក ឬប៉ះពាល់ដល់គល់ក្រចកទៀតផង។ ផលប៉ះពាល់ទាំងនេះអាស្រ័យលើសារធាតុគីមីដែលប្រើប្រាស់លើក្រចករបស់យើង។

ឧទាហរណ៍ ការលាបថ្នាំក្រចក និងការលាងក្រចកដោយទឹកថ្នាំលាងក្រចក អាចធ្វើឲ្យក្រចករបស់អ្នកខូច។ សារធាតុគីមីក្នុងផលិតផលសម្អាត និងបោកគក់ក៏អាចធ្វើឲ្យក្រចករបស់អ្នកទន់ និងងាយបាក់ដែរ ដូច្នេះការពាក់ស្រោមដៃពេលធ្វើការងារផ្ទះជាការល្អដើម្បីថែទាំក្រចក។

កង្វះវីតាមីនB ជាតិដែក ម៉ាញេស្យូម និងកាល់ស្យូមក៏អាចបណ្តាលឲ្យក្រចកទន់ដែរ ប៉ុន្តែទោះជាយ៉ាងណាក៏លោកអ្នកគួរធ្វើការពិគ្រោះជាមួយគ្រូពេទ្យមុនសម្រេចចិត្តទិញឱសថឬវិតាមីនមកលេបដោយគ្មានការណែនាំច្បាស់លាស់ឡើយ។

២. ក្រចករបក

photo_2021-08-20_14-35-27 (4)-1

មូលហេតុជាច្រើនដែលធ្វើឲ្យក្រចករបក ដោយសារដៃរបស់យើងធ្វើការងារច្រើន ដូច្នេះរបួសលើក្រចក ឬម្រាមដៃអាចកើតឡើងបានគ្រប់ពេល។ ពេលខ្លះយើងប្រើក្រចករបស់យើងដើម្បីបកឬឆ្កឹះបន្ទះស្អិតចេញ ការតឬដកក្រចកដែលតចេញក៏អាចបង្កការខូចខាត ការត្រាំដៃរបស់យើងក្នុងទឹកយូរពេកក៏អាចបណ្តាលឲ្យរបកក្រចកដែរ។

ប្រសិនបើ ទាំងក្រចកជើងនិងក្រចកដៃរបស់អ្នកនៅសុខៗរបក វាអាចជាបញ្ហាមកពីផ្នែកខាងក្នុងនៃរាងកាយ។ កង្វះជាតិដែកក៏ជាបញ្ហាបណ្តាលឲ្យរបកក្រចកដែរ ដូច្នេះអ្នកអាចបរិភោគអាហារដែលសម្បូរជាតិដែកអោយបានច្រើន។

៣. ក្រចកប្រេះ

photo_2021-08-20_14-35-27 (3)

ក្រចកផុយដែលងាយបែក និងប្រេះកើតឡើងជាញឹកញាប់ចំពោះមនុស្សដែលឧស្សាហ៍ត្រាំដៃក្នុងទឹកញឹកញាប់។ ការលាបឡេ និងពាក់ស្រោមដៃការពារមុនពេលធ្វើការងារផ្ទះឬប៉ះពាល់នឹងទឹកច្រើនអាចជួយសម្រួលបញ្ហានេះបាន។

ទោះយ៉ាងណាក៏ដោយកង្វះជាតិដែកឬ ជំងឺក្រពេញទីរ៉ូអ៊ីត ក៏អាចបណ្តាលឲ្យក្រចកគ្រីតគ្រាត និងផុយដែរ។ ប្រសិនបើមានករណីបែបនោះមែន អ្នកត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីឲ្យប្រាកដច្បាស់។

៤. ក្រចកសក 

photo_2021-08-20_14-35-27-1

 

photo_2021-08-20_14-35-27 (2)

ក្រចកសកមានពីរប្រភេទ ប្រភេទទីមួយគឺសាច់ក្រចករត់ពីចុងក្រចកទៅគល់ក្រចក វាអាចចាត់ទុកថាជារឿងធម្មតាព្រោះវាកើតមាននៅពេលវ័យចំណាស់ ប៉ុន្តែបើស្នាមឆ្នូតនោះវិវឌ្ឍន៍ភ្លាមៗវាអាចជាសញ្ញានៃភាពស្លេកស្លាំង ឬបើកាន់តែធ្ងន់ធ្ងរ អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីទទួលបានការណែនាំ និងពិភាក្សាអំពីមូលហេតុដែលអាចកើតមាន។

ក្រចកសកប្រភេទទីពីរគឺសាច់ក្រចកសកកាត់ទទឺងក្រចក វាជាសញ្ញាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺរលាកតម្រងនោមរុំារ៉ៃ ដែលអាចរារាំងការលូតលាស់របស់ក្រចក។

៥. ក្រចកជាំ ឬខ្មៅ

photo_2021-08-20_14-35-26 (3)

ក្រចកជាំ ឬខ្មៅភាគច្រើនបណ្តាលមកពីការប៉ះទង្គិចក្រចក ដូចជាគាបជាមួយនឹងទ្វារ ឬបុកនឹងវត្ថុរឹងជាដើម។ យ៉ាងណាមិញ ប្រសិនបើមិនមានករណីប៉ះទង្គិចទាំងនោះទេ ហើយក្រចកឡើងខ្មៅឬជាំ វាអាចជាបញ្ហាសុខភាពរបស់ក្រចកដែលបណ្តាលមកពីការកាត់សាច់នៅគល់ក្រចក។

៦. ក្រចកលឿង

photo_2021-08-20_14-35-26 (2)

ក្រចកមានពណ៌លឿងអាចមើលទៅមិនស្អាត ហើយជារឿយៗវាជាសញ្ញានៃប្រតិកម្មស្បែក ឬមេរោគអ្វីមួយ។ ឧទាហរណ៍ អ្នកអាចមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងថ្នាំលាបក្រចកដៃ ដូច្នេះវានឹងបណ្តាលឲ្យក្រចករបស់អ្នកកា្លយទៅជាពណ៌លឿង។ ការលាបក្រចកទុករយៈពេលយូរ ឬប្រើថ្នាំលាងក្រចកមិនមានគុណភាពល្អ ក៏អាចធ្វើឲ្យក្រចកខូចបានគ្រប់ពេល។​ ប្រសិនបើក្រចកពណ៌លឿងនេះនៅលូតលាស់វែងអាចនិយាយបានថាក្រចកអ្នកនឹងមិនមានបញ្ហាអ្វីទេ​ តែប្រសិនបើក្រចកមិនដុះឬលូតផុតចុងក្រចកទេ​ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុ។

៧. ក្រចកមានឆ្នូត ឬអុជពណ៌ស

photo_2021-08-20_14-35-26

អុជៗពណ៌សនៅលើក្រចកគឺជាបញ្ហាកង្វះជាតិដែក អាលែកហ្សុី ឬការឆ្លងមេរោគផ្សិតជាដើម។ ជាធម្មតាឆ្នូតឬអុជៗពណ៌សដែលបណ្តាលមកពីរបួសក្រចកដៃតិចតួច វានឹងបន្សល់ទុកនូវស្នាមខ្មៅ ត្នោត ឬក្រហម ហើយស្នាមរបួសនៅលើក្រចកអាចមានលក្ខណៈរដិបរដុបនៅពេលប៉ះក្រចក ឬស្នាមខ្មៅ ករណីនេះអ្នកគ្រាន់តែរង់ចាំឲ្យក្រចកដុះវែងផុតចុងក្រចកគឺបានហើយ។

ប៉ុន្តែបើជាការឆ្លងមេរោគផ្សិតអ្នកគួរតែត្រូវដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារការឆ្លងរាលដាលទៅក្រចកផ្សេងទៀត។ អ្នកអាចស្វែងរកថ្នាំមេរោគផ្សិតសម្រាប់ក្រចក នៅតាមឱសថស្ថាននានា ឬពិភាក្សាជាមួយគ្រូពេទ្យ។

៨. ចំនិតពាក់កណ្តាលរង្វង់នៅគល់ក្រចកដុះចេញមកមិនប្រក្រតី

photo_2021-08-20_14-35-25-1

យើងអាចមើលឃើញនូវរង្វង់ពាក់កណ្តាល ដូចចំនិតព្រះខែដុះចេញពីគល់ក្រចកយើងបាន ជួនកាលក៏មិនអាចមើលឃើញដែរប្រសិនបើសាច់ក្រចកក្រាស។ ប៉ុន្តែកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងជំងឺបាក់ទឹកចិត្តអាចបណ្តាលឲ្យបាត់បង់ចំនិតព្រះខែនេះ។

ទោះយ៉ាងណាក៏ដោយ ចំនិតព្រះខែនេះអាចប្រែទៅជាពណ៌ក្រហមហើយក៏អមដោយរោគសញ្ញាផ្សេងទៀតដូចជា ៖

- ស្រក​ទម្ងន់

- ឡើង​ទម្ងន់

- ឃ្លានខុសធម្មតា

- វិលមុខ

- ជំងឺព្រួយបារម្ភ (Axiety)

- ឈឺក្បាល

ប្រសិនបើអ្នកជួបប្រទះបញ្ហាទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ។

បំរែបំរួលក្រចកដែលគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ

មិនថាក្រចកប្រែប្រួលតែមួយ ឬគ្រប់ក្រចកទេបើអ្នកសង្កេតឃើញដែលគួរឲ្យកត់សំគាល់មុខណាមួយនោះ អ្នកគួរប្រាប់គ្រូពេទ្យឲ្យបានដឹង ព្រោះអ្នកជំនាញអាចជួយកំណត់មូហេតុជាក់លាក់ដល់អ្នកបាន។ នៅមានរោគសញ្ញាមួយចំនួនទៀតដែលជួយប្រាប់ពីសុខភាពរបស់អ្នក ដោយបង្ហាញនៅលើក្រចកដូចខាងក្រោម ៖

- អស់កម្លាំង ហត់នឿយហួសប្រមាណ

- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ

- ជម្ងឺព្រួយបារម្ភ  (Axiety)

- រលាកស្បែកជុំវិញក្រចក

- ហូរឈាមចេញពីក្រចក

- បែកញើសពេលយប់

- ឃ្លានខុសពីធម្មតា

- ញ័រទ្រូងឬបេះដូង

- ស្បែកស្លេក

- ហើមជើង

បញ្ចូលគ្នានឹងបញ្ហាក្រចក រួមផ្សំជាមួយនឹងរោគសញ្ញាខាងលើ នោះវាជាសញ្ញាដែលអ្នកត្រូវទៅជួបអ្នកជំនាញខាងវេជ្ជសាស្ត្រដើម្បីការពារកុំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរកើតឡើង។

វិធីរក្សាក្រចកឲ្យមានសុខភាពល្អ

vitamin-supplements-for-healthy-nails

នៅពេលដែលរាងកាយរបស់យើងមិនមានសុខភាពល្អ ក្រចក ស្បែក និងសក់របស់យើងច្រើនតែបង្ហាញឲ្យយើងឃើញមុនគេ។ ម៉្យាងវិញទៀតក្រចករឹងមាំ សក់រស់រវើក និងស្បែកភ្លឺរលោង ជាទូទៅបង្ហាញពីសុខភាពល្អ។ 

គន្លឹះថែទាំក្រចកឲ្យមានសុខភាពល្អមានលក្ខណៈសាមញ្ញដូចជា ការទទួលទាននូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែគ្រប់គ្រាន់។ ជាធម្មតាយើងអាចទទួលបានសារធាតុចិញ្ចឹមទាំងនេះតាមរយៈរបបអាហាររបស់យើង។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកខ្វះសារធាតុចិញ្ចឹមជាពិសេស អាហារបំប៉នវីតាមីន អ្នកអាចបំពេញវាតាមដែលអ្នកអាចធ្វើបាន។ របបអាហារដែលល្អ និងរបៀបរស់នៅដែលមានតុល្យភាពអាចជួយចិញ្ចឹមក្រចក រួមជាមួយរាងកាយទាំងមូលរបស់អ្នក។ នេះរួមបញ្ចូលទាំងអនាម័យត្រឹមត្រូវ និងការថែរក្សាក្រចក ការគេងឲ្យបានគ្រប់គ្រាន់ និងផឹកទឹកឲ្យបានច្រើន។

ទោះជាយ៉ាងនេះក៏ដោយប្រសិនបើអ្នកមានការព្រួយបារម្ភ​ ឬមានការសង្ស័យអំពីបញ្ហាសុខភាពការទៅជួបគ្រូពេទ្យជំនាញអាចនឹងជួយបំបាត់ការព្រួយបារម្ភរបស់អ្នកបាន៕

អត្ថបទដកស្រង់ពី Timrel

បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ


ថ្ងៃព្រហស្បតិ៍, 19 ខែសីហា 2021 14:52  Purple Fullmoon