ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវទូទាំងប្រទេសបារាំងនៅរាល់ចុងសប្តាហ៍ បន្តជាប់ៗគ្នាដល់ទៅ៤សប្តាហ៍ ដើម្បីប្រឆាំងនឹងប័ណ្ណសុខភាពរបស់មេរោគ កូវីដដែលតំរូវឲ្យមាន ពេលចូលហាងកាហ្វេ ភោជនីយដ្ឋាន ឬធ្វើដំណើរតាមរថភ្លើងឆ្លងទៅប្រទេសជិតខាង ពីរថ្ងៃមុនច្បាប់ថ្មីចេញជាធរមាន។
ប្រធានាធិបតី Emmanuel Macron បានធ្វើឲ្យយុទ្ធនាការការចាក់វ៉ាក់សាំងជំងឺកូវីដក្លាយទៅជាកាតព្វកិច្ចរបស់ប្រជាជនបារាំង។ លោក Macron ដែលប្រឈមនឹងការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ សង្ឃឹមថាយុទ្ធនាការរបស់លោកនឹងជួយជំរុញដល់ទឹកចិត្តប្រជាជនបារាំងទាំងអស់ឱ្យទៅទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ឈប់ការរីករាលដាលជំងឺកូវីដ និងកូវីដDelta នៅពេលខាងមុខនេះ។
ទោះយ៉ាងនេះក្តី ក៏ក្រុមប្រឆាំងដែលបានចេញមុខតវ៉ាជាច្រើនសប្តាហ៍កន្លងមកនេះ បានអះអាងថាវាជាច្បាប់រំលោភសិទ្ធិសេរីភាពពលរដ្ឋនៅក្នុងប្រទេសដែលប្រាសចាកពីបាវចនាជាតិរបស់ប្រទេសបារាំង។
ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍ទី២នៃខែសីហានេះតទៅ ប្រជាជនដែលចង់ទទួលទានអាហារនៅភោជនីយដ្ឋាន ទទួលទានភេសជ្ជៈនៅក្នុងហាងកាហ្វេទាំងខាងក្នុង និងនៅទីធ្លាខាងក្រៅគឺទាមទារឲ្យមានកាតវ៉ាក់សាំង។ វាក្លាយទៅជាកាតព្វកិច្ចចម្បង សម្រាប់ប្រជាជនក្នុងការធ្វើដំណើរនៅក្នុងប្រទេសឬឆ្លងប្រទេស មិនថាតាមរថភ្លើងលឿន ឬជើងហោះហើរក្នុងស្រុកនោះទេ លើកលែងការធ្វើដំណើរតាមមេត្រូ និងនៅជាយក្រុង។
ប័ណ្ណនេះតំរូវឲ្យមានតាំងពីថ្ងៃទី ២១ ខែកក្កដា ដើម្បីឲ្យប្រជាជនអាចចូលទស្សនាកន្លែងវប្បធម៌ ដូចជារោងភាពយន្ត និងសារមន្ទីរជាដើម តែត្រូវបានពន្យាពេលដើម្បីរងចាំការអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំងសិន។
នៅក្នុងការតវ៉ាជាច្រើននៅប៉ារីសមនុស្សរាប់ពាន់នាក់បានដើរក្បួនពីជាយក្រុងភាគខាងលិចមកកណ្តាលក្រុង ដោយស្រែកថា “ សេរីភាព!” ហើយ “ ម៉ាក្រូន យើងមិនត្រូវការការអនុញាតិពីលោកទេ!”
ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧,០០០ នាក់ បានតវ៉ានៅតំបន់ Provence-Alpes-Cote d'Azur នៅលើឆ្នេរមេឌីទែរ៉ាណេក្នុងទីក្រុង Toulon, Nice និង Marseille ។ ដោយមានពាក្យស្លោកថា “ប័ណ្ណសុខភាពមានន័យថាការបាត់បង់នៃសេរីភាព” ។ ទោះយ៉ាងណា តាមការស្ទង់មតិក៏មានប្រជាជនភាគច្រើននៅប្រទេសបារាំងគាំទ្រការប័ណ្ណសុខភាពនេះដែរ។
លោក Macronនិយាយថា “ទៅទទួលការចាក់វ៉ាក់សាំងទៅ”
ក្រសួងមហាផ្ទៃបាននិយាយថាមនុស្សជាង ២០ ម៉ឺននាក់បានតវ៉ាកាលពីដើមខែសីហានេះ និងជាង ១៦ ម៉ឺននាក់កាលពីចុងខែកក្កដា។ ប៉ូលីសបាននិយាយថា ពួកគេរំពឹងថាចំនួននេះនឹងថយចុះនៅកណ្ដាលខែសីហានេះ។
ថ្វីត្បិតតែបាតុករជាច្រើននាក់តវ៉ាមិនព្រមចាក់វ៉ាក់សាំង ហើយមានអ្នកខ្លះទៀតបានទទួលការចាក់ហើយក៏ដោយក៏ពួកគេចូលរួមតវ៉ាដែរ។
អ្នកកាសែត Anne-Elisabeth Moutet បាននិយាយថា ក្រុមតវ៉ាទាំងអស់មានបញ្ហាផ្សេងៗគ្នាទាក់ទងនឹងប័ណ្ណចាក់វ៉ាក់សាំងនេះ។
“អ្នកតវ៉ាជ្រុលនិយមមួយចំនួនប្រឆាំងនឹងការចាក់វ៉ាក់សាំង និងក្រុមជ្រុលនិយមមួយចំនួនទៀតប្រឆាំងនឹងការបាត់បង់សេរីភាព” នាងបានប្រាប់ Al Jazeera។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Gabriel Attal បាននិយាយថាប័ណ្ណសុខភាពនេះកំពុងអនុវត្តនេះនឹងបន្តរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ជាការចាំបាច់ដើម្បីចៀសវាងការរឹតបន្តឹងប្រទេសម្តងទៀត ខណៈដែលប្រទេសបារាំងកំពុងប្រឈមនឹងរលកទី៤ នៃជំងឺរាតត្បាតនេះ។
លោក Macron ដែលសម្រាកលំហែកាយនៅភាគខាងត្បូងនៃប្រទេសបារាំងនៅឡើយ នាពេលថ្មីៗនេះបានចូលលេងលើបណ្តាញសង្គម TikTok ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យដើម្បីទទួលការជូនដំណឹងពីគាត់។
“ទៅទទួលវ៉ាក់សាំងការពារ ទៅទទួលការវ៉ាក់សាំងការពារ ទៅទទួលការវ៉ាក់សាំងការពារ” នេះជាពាក្យផ្តាំផ្ញើរបស់លោក Macron នៅក្នុងវីដេអូរបស់លោកកាលពីដើមខែសីហានេះ។
“វាគ្រាន់តែជាសំណើនៃការធ្វើជាពលរដ្ឋល្អប៉ុណ្ណោះ…សេរីភាពរបស់យើងនឹងគ្មានតំលៃអ្វីឡើយ ប្រសិនបើទង្វើរបស់យើងធ្វើឱ្យប៉ះពាល់ដល់មិត្តភក្តិ អ្នកជិតខាង ឬជីដូនជីតារបស់យើង សេរីភាពគឺជាទំនួលខុសត្រូវ។”
កាសែត Le Monde daily បាននិយាយថា ការសម្រេចចិត្តរបស់លោក Macron បានបង្ហាញថាលោកមិនមានភាពអត់ធ្មត់ជាមួយក្រុមបាតុករដែលបានបង្កហានិភ័យឡើយ។
“វាគឺជាការយកជីវិតមកប្រថុយប្រថានណាស់ដែលនាំគ្នាមកកកកុញតាមផ្លូវ ប្រៀបដូចមមាចប្រលែងជាមួយភ្លើងអីចឹង” ។
យុទ្ធនាកការចាក់វ៉ាក់សាំងត្រូវបានធ្វើជាបន្តបន្ទាប់នៅប្រទេសបារាំង តាំងពីពេលដែលច្បាប់អនុម័តឲ្យមានប័ណ្ណសុខភាព ហើយរដ្ឋាភិបាលបានដាក់កំហិតអោយប្រជាជនទទួលបានវ៉ាក់សាំងសម្រាប់ដូសទី១យ៉ាងតិចឲ្យបាន៥០លាននាក់នៅចុងខែសីហានេះ។ បច្ចុប្បន្នការចាក់វ៉ាក់សាំងចំនួន២ដូសធ្វើបាន៥៥%ហើយនៃចំនួនប្រជាជនសរុបរបស់ប្រទេសបារាំង។
ជាមួយនឹងការឆ្លងថ្មីប្រមាណ ២៥,០០០ ករណីនេះ ត្រូវបានកត់ត្រានៅថ្ងៃសុក្រដើមខែសីហា ដែលចំនួននេះនៅតែជាតួលេខខ្ពស់ ប៉ុន្តែមានស្ថេរភាព៕
អត្ថបទដកស្រង់ពី Aljazeera
បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ