យើងទាំងអស់គ្នាច្រើនតែយល់ច្រឡំពីស្ថានភាពស្បែកជាប្រចាំថ្ងៃរបស់ខ្លួន។ ហើយអាចចំណាយពេលច្រើនឆ្នាំដើម្បីស្វែងរកវិធីថែរក្សាស្បែកដោយសារតែមនុស្សម្នាក់ៗ តែងមានបម្រែបម្រួលអ័រម៉ូន និងការរស់នៅខុសៗគ្នា។
កំហុសដ៏ធំបំផុតមួយដែលយើងតែងតែយល់ច្រលំគឺ ស្បែកខ្វះសំណើម ជាមួយនិងស្បែកស្ងួត។ យ៉ាងណាមិញសភាពនៃស្បែកទាំងពីរនេះមានសភាពប្រហាក់ប្រហែលគ្នា ដែលវាពិបាកនឹងបែងចែកពីភាពខុសគ្នា រវាងស្បែកទាំងពីរណាស់ ដែលធ្វើអោយមានភាពស្មុគស្មាញក្នុងការរកដំណោះស្រាយ។
ដើម្បីយល់ដឺងឲ្យកាន់តែច្បាស់ពីបញ្ហានេះ អ្នកឯកទេសខាងមេរោគស្បែកដែលមានជំនាញវិជ្ជាជីវៈ និងជាគ្រូពេទ្យបណ្តុះបណ្តាលកម្រិតខ្ពស់នៃ Dermalogica Lydia Scheffey ជាមួយនឹងបទពិសោធន៍ប្រាំបីឆ្នាំនៅក្នុងជំនាញថែរក្សាស្បែក នឹងជួយពន្យល់ប្រាប់ពីវិធីសាស្ត្រមួយឬ ពីរ អំពីរបៀបថែរក្សាសុខភាពស្បែករបស់អ្នកឱ្យបានស្អាត និងមានសំណើម។
ដូចនេះហើយអ្នកគ្រូពេទ្យ Lydia Scheffey នឹងមកធ្វើការវែកញែករវាងបញ្ហាស្បែកធំៗទាំងពីរខាងលើជាមួយនឹងវិធីដែលអ្នកអាចដោះស្រាយបញ្ហាផ្សេងទៀតដូចជា ការកើតមុនជាដើម។
តើអ្វីជាភាពខុសគ្នារវាងស្បែកស្ងួត និងស្បែកដែលគ្មានសំណើម?
ស្បែកស្ងួត គឺជាប្រភេទស្បែកដែលកំណត់ដោយហ្សែនរបស់អ្នក(វាដូចជាពណ៌សក់របស់អ្នកដែរ)។ នៅពេលអ្នកមានស្បែកស្ងួតអ្នកប្រាកដជាខ្វះសារធាតុរំអិលនៅក្នុងខ្លួន។
ស្បែកគ្មានសំណើមគឺជាស្ថានភាពស្បែកម្យ៉ាងដែលបង្កដោយកត្តាខាងក្រៅនិងខាងក្នុង ដូចជាស្បែកត្រូវបានរងការប៉ះពាល់ពីកាំរស្មីយូវី ជម្រើសផលិតផលមិនត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុ ការប្រើថ្នាំផ្សេងៗ ភាពតានតឹងនិងរបៀបរស់នៅផងដែរ។
ស្ថានភាពស្បែករបស់យើងនឹងប្រែប្រួលគ្រប់ពេលវេលា ស្របពេលដែលប្រភេទស្បែករបស់យើងនៅតែដូចដើម។ នៅពេលដែលអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ នោះនឹងធ្វើអោយស្បែករបស់អ្នកខ្វះជាតិទឹក។
តើវាអាចទៅរួចទេ ប្រសិនបើយើងមានសភាពស្បែកទាំងពីរក្នុងពេលតែមួយ?
នៅពេលអ្នកមានស្បែកស្ងួត និងខ្វះជាតិទឹកវាជាការសំខាន់ណាស់ក្នុងការជ្រើសរើសផលិតផលណាដែលជួយផ្តល់សំណើម និងសំបូរជាតិប្រេងដើម្បីធ្វើឱ្យស្បែករបស់អ្នកមានតុល្យភាព។ ផលិតផលដែលផ្តល់សំណើម នឹងជួយស្បែករបស់អ្នកអោយមាន សភាពទន់ មានសំណើម និងមិនស្ងួតខណៈដែលផលិតផល ដែលមានជាតិប្រេងនឹងធ្វើអោយស្បែករបស់អ្នករលោង ប្រសិនបើអ្នកមានស្បែកស្ងួត។
តើការទទួលទានទឹកឱ្យបានច្រើនជួយដល់បញ្ហាស្បែកគ្រប់ប្រភេទដែរឬទេ?
ការទទួលទានទឹកឱ្យបានច្រើនអាចជួយការពារស្បែករបស់អ្នកពីការខ្សោះជាតិទឹក។ ស្បែករបស់យើង គឺជាសរីរាង្គសំខាន់ជាងគេនៅក្នុងរាងកាយហើយវាស្ថិតនៅផ្នែកខាងក្រៅ ដូច្នេះវាទទួលបានជាតិទឹកពីក្នុងរាងកាយក្រោយគេ។ Lydia Scheffey បានណែនាំឱ្យអ្នកប្រើប្រាស់ផលិតផលណាដែលផ្តល់សំណើមដល់ស្បែករបស់ខ្លួនដើម្បីរក្សាតុល្យភាពជាតិទឹកនៅក្នុងស្បែករបស់អ្នក។
តើយើងគួរប្រើផលិតផលអ្វី ឬត្រូវមានរូបមន្តអ្វីដើម្បីអោយស្បែកមានសំណើម?
អាស៊ីត Hyaluronicមានទំងន់ក្នុងទឹកដល់ទៅ ១០០០ដងដូច្នេះវាជួយស្តារស្បែកដែលខ្វះជាតិទឹក! ប្រទាលកន្ទុយក្រពើក៏ជាសារធាតុផ្សំដ៏អស្ចារ្យក្នុងការផ្តល់សំណើមដល់ស្បែក។
តើគ្រឿងផ្សំថែរក្សាស្បែកល្អបំផុតមានអ្វីខ្លះដែលត្រូវប្រើដើម្បីផ្តល់សំណើមដល់ស្បែកស្ងួត?
សេរ៉ាមីដមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះស្បែកស្ងួតដែលវាសំបូរទៅដោយសំណើមហើយជួយបង្កើនរបាំងការពារដល់ស្បែករបស់អ្នកផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាកត្តាចំបងសម្រាប់ស្បែកស្ងួត! ពួកវាមិនត្រឹមតែជួយប្រឆាំងនឹងភាពចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយស្បែកប្រែជាមានសំណើមប្រសើរជាងមុន។ ប្រេងរុក្ខជាតិ និងបឹរជួយផ្តល់ជាតិប្រេង ដើម្បីផ្តល់សំណើមដល់ស្បែកស្ងួតរបស់អ្នក!
តើស្ថានភាពស្បែកណាមួយអាចនាំឱ្យកើតមុនហើយតើយើងគួរមានទម្លាប់ថែរក្សាស្បែកដូចម្តេចដើម្បីដោះស្រាយបញ្ហានេះ?
ដើម្បីដោះស្រាយបញ្ហាមុនត្រូវតែស្គាល់និងកំណត់សំគាល់ថាអ្នកមានប្រភេទស្បែកណាមួយជាមុនសិន។ នេះមានន័យថាទោះបីជាអ្នកមានស្បែកស្ងួតក៏ដោយអ្នកនៅតែអាចជួបប្រទះនឹងបញ្ហាមុនដូចគ្នា។ ប្រសិនបើស្បែករបស់អ្នកខ្វះជាតិទឹកនោះរន្ធញើសរបស់អ្នកនឹងព្យាយាមបង្កើតជាតិប្រេងដើម្បីជួយដល់ការខ្វះជាតិទឹកនោះដែលបណ្តាលឱ្យកើតមុន។
ប្រសិនបើអ្នកកំពុងជួបបញ្ហាមុន អ្នកត្រូវធ្វើការខាត់ស្បែកឱ្យបានទៀងទាត់ និងប្រើវិធីព្យាបាលស្នាមជាំដើម្បីជម្រះ និងព្យាបាលស្នាមមុនរបស់អ្នក។
តើការពាក់ម៉ាស់ជាប់ជានិច្ច អាចធ្វើអោយស្បែកមានបញ្ហាដែររឺទេ ហើយយើងគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយការរលាកស្បែក?
ការពាក់ម៉ាសអាចធ្វើឱ្យស្បែកស្ងួត និងខ្វះជាតិទឹកហើយថែមទាំងធ្វើអោយស្បែកយើងជួបប្រទះនឹងការកកិតផងដែរ! ដើម្បីការពារការរលាក និងរោលអ្នកត្រូវលាងមុខរបស់អ្នកជាមួយគ្រីមលាងសម្អាតទាំងពេលព្រឹកនិងពេលយប់ ហើយលាបក្រែមផ្តល់សំណើម មុននិងក្រោយពេលពាក់ម៉ាស។ អ្នកគួរតែផ្លាស់ប្តូរ ម៉ាសរបស់អ្នកជារៀងរាល់ថ្ងៃជាការល្អសម្រាប់ស្បែករបស់អ្នក៕
អត្ថបទដកស្រង់ពី Shatricia Nair
បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ