នៅឆ្នាំ២០១៩ Anne Dalyបានឈប់សម្រាកពីជីវិតដ៏មមាញឹករបស់នាងនៅទីក្រុងញូវយ៉ក ដើម្បីស្វែងរកអាថ៌កំបាំងនៃសុភមង្គលនៅជុំវិញពិភពលោក។
Anne Dalyបានធ្វើដំណើរទៅកន្លែងផ្សេងៗគ្នាចំនួនប្រាំមួយប្រទេសរួមមានន័រវែស ហូលែល និងជប៉ុនផងដែរ។ នាងបានដឹងថាសុខភាព សុភមង្គល និងអាយុកាល មិនមែនជា អ្វីដែលអាចទិញបានទេ ដូច្នេះនាងបានសម្ភាសអ្នកស្រុក និងអ្នកជំនាញជាង១០០នាក់អំពីការយល់ឃើញរបស់ពួកគេ។
នេះជាអ្វីដែលនាងបានរកឃើញ៖ សុខុមាលភាព គឺពិតជាមានតម្លៃជាងថ្នាំបំប៉នថ្លៃៗ ឬអ្វីៗទាំងអស់ នៅពេលអ្នកមើលវាតាមរយៈការឆ្លុះបញ្ចាំងនៃសកលលោក។ កត្តាដែលមានសារៈសំខាន់បំផុតដើម្បីបន្ថែមនូវការបំប៉នសុខភាពផ្លូវចិត្តរបស់អ្នកឲ្យយូរអង្វែងមានដូចជា បរិស្ថានជុំវិញខ្លួន ខ្យល់អាកាសបរិសុទ្ធ និងការផ្លាស់ប្តូរទស្សនៈវិស័យ។
ខាងក្រោមនេះជាអាថ៌កំបាំងនៃសុខភាព និងសុភមង្គលដែលគួរឱ្យចាប់អារម្មណ៍ចំនួន ៣ ពីមនុស្សដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក៖
១. ពួកគាត់ចំណាយពេលច្រើននៅខាងក្រៅញឹកញាប់
មិត្តភក្តិរបស់ Anne Daly ម្នាក់ ដែលធំដឹងក្តីនៅន័រវែសបានណែនាំពីទស្សនវិជ្ជាមួយហៅថា ហ្វ្រីលហ្វ្រេសស្លីវ (friluftsliv) (ដែលប្រែថា “ ជីវិតពោរពេញដោយខ្យល់អាកាស ”) អ្នកដែលជឿទៅលើហ្វ្រីលហ្វ្រេស្លីវបានពិពណ៌នាថា វាជាមូលដ្ឋានគ្រិះនៃអាយុវែង គឺការចំណាយពេលអោយបានច្រើននៅខាងក្រៅតាមដែលអាចធ្វើទៅបាន។
ជាក់ស្ដែងប្រទេសន័រវេសមានភ្លៀងធ្លាក់ច្រើនជារៀងរាល់ឆ្នាំ និងព្រះអាទិត្យមិនរះរហូតទៅដល់បីខែនៅតំបន់ខ្លះនៃប្រទេសនោះ ប្រជាជនន័រវែសដែលស្ថិតក្នុងតារាងប្រជាជនមានអាយុវែងនៅតែប្រកាន់ខ្ជាប់ការចេញទៅខាងក្រៅផ្ទះដោយសារវានឹងផ្តល់នូវអារម្មណ៍ប្រសើរឡើង និងសុខភាពផ្លូវចិត្តល្អ។
ចំពោះប្រជាជននៅអាមេរិកមិនមានពេលគ្រប់គ្រាន់សម្រាប់ការចេញក្រៅទេ។ យោងទៅតាមទីភ្នាក់ងារការពារបរិស្ថាន ជនជាតិអាមេរិកជាមធ្យមចំណាយប្រហែល៩០% នៃពេលវេលារបស់ពួកគេនៅក្នុងផ្ទះ ដែលជាកន្លែងប្រមូលផ្តុំជាតិពុលខ្ពស់ជាងខាងក្រៅពី២ ទៅ៥ដងដែលវាពិតជាហុចផលមិនល្អចំពោះសុខភាពរបស់យើង។
ដើម្បីទទួលបានប្រសិទ្ធភាពរបស់ហ្វ្រីលហ្វ្រេសស្លីវ អ្នកមិនចាំបាច់ធ្វើដំណើរទៅបោះជំរុំ ឬដំណើរកំសាន្តឡើងភ្នំទេ។ ការដើរទិញគ្រឿងទេសជំនួសការបើកបរ ការទទួលទានអាហារនៅឧទ្យានជំនួសការទទួលទានអាហារនៅខាងក្នុង ការរត់ហាត់ប្រាណនៅសួនច្បារជំនួសការទៅកន្លែងហាត់ប្រាណក៏ជាហ្វ្រីលហ្វ្រេសស្លីវ “ជីវិតពោរពេញដោយខ្យល់អាកាស”។ នៅន័រវែស ការរៀនសូត្រសាលាមត្តេយ្យគឺធ្វើឡើខាងនៅក្រៅថ្នាក់ ជំនួសឱ្យការរៀននៅក្នុងបន្ទប់បិទជិតក៏ជាហ្វ្រីលហ្វ្រេសស្លីវផងដែរ។ ពួកគេថែមទាំងទុកទារករបស់ពួកគេនៅខាងក្រៅក្នុងរទេះរុញ អំឡុងពេលសំរាកថ្ងៃត្រង់ដើម្បីឲ្យទារកស៊ាំនឹងការរស់នៅក្រៅផ្ទះតាំងពីក្មេង!
២. ពួកគាត់ចូលចិត្តធ្វើអាហារ ឬភេសជ្ជៈដែលស្មុគស្មាញ
អាហារសម្រាប់ជនជាតិអាមេរិកគឺរហ័ស និងងាយស្រួលព្រោះពួកគេ មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើអាហារដែលមានក្បួនខ្នាតអីច្រើនទេ។ ប៉ុន្តែការពិតបើយើងធ្វើនូវសកម្មភាពស្មុគស្មាញម្តងម្កាលដោយមិនគិតពីលទ្ធផល តែផ្តោតទៅលើដំណើរការវិញនោះវាអាចពង្រឹងការផ្តោតអារម្មណ៍របស់អ្នក និងការអនុវត្តបានល្អប្រសើរផងដែរ។
នៅប្រទេសជប៉ុនដែលប្រជាជនមានអាយុជាមធ្យម៨៥ឆ្នាំ។ អ្នកជំនាញខាងឆុងតែក៏ប្រើវិធីស្មុគស្មាញក្នុងការឆុងតែ ក៏ដូថជាការរៀបចំពិធីសាសនា ឬការបម្រើតែជាដើម។ ការផ្តោតអារម្មណ៍របស់ពួកគេគឺស៊ីជម្រៅណាស់ ដែលពួកគេនឹងមិនគិតអំពីអ្វីផ្សេងទៀតឡើយក្នុងកំឡុងពេលធ្វើពិធីទាំងនោះ។
លោក Shigenori Nagatomo សាស្រ្តាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យ Temple ពន្យល់អំពីទស្សនៈព្រះពុទ្ធសាសនាអំពីពេលវេលា គាត់បានចង្អុលបង្ហាញថា “ មនុស្សភាគច្រើនតែងតែយល់ថាមានកន្លែងផ្សេងទៀតប្រសើរជាងកន្លែងដែលពួកគេនៅស្រាប់ ប៉ុន្តែការពិតស្ថិតនៅចំពោះមុខអ្នកគ្រប់ពេលវេលា ដោយអ្នកគ្រាន់តែប្រើប្រាស់វាឲ្យបានពេញលេញប៉ុណ្ណោះ” ។
វាសមហេតុផលដែរ ប្រសិនបើអ្វីៗទាំងអស់មិនស្ថិតស្ថេរហើយ ចំនែកពេលវេលាក៏ដើរទៅមុខ អីចឹងហេតុអ្វីយើងទាំងអស់គ្នាមិនប្រើប្រាស់ពេលវេលាបច្ចុប្បន្នឲ្យបានអស្ចារ្យ និងប្លែកៗ ដែលធ្វើឱ្យយើងភ្លេចពីខ្លួនឯងម្តង?
៣. ពួកគាត់រៀនស្វែងយល់អំពីខ្លួនឯង
នៅសហរដ្ឋអាមេរិក ហាវ៉ៃជាប់ចំណាត់ថ្នាក់កំពូលសម្រាប់រដ្ឋដែលមានប្រជាជនអាយុកាលមធ្យមខ្ពស់បំផុត។
លោក Greg Solatarioជនជាតិហាវ៉ៃ ដែលគាត់ធំធាត់ឡើងនៅទីនោះបានប្រាប់ Anne Daly ថា “ដើម្បីរស់នៅក្នុងជីវិតដែលមានសុខភាពល្អ នៅក្នុងពិភពលោកនេះ អ្នកត្រូវដឹងពីខ្លួនឯងឲ្យបានច្បាស់ជាមុនសិន” ។
“ខ្ញុំរស់នៅទឹកដីនេះ គ្រួសារខ្ញុំក៏រស់នៅទឹកដីនេះ” គាត់ចង្អុលទៅកាន់ព្រៃត្រូពិចដែលនៅជុំវិញនោះ។ “ហើយខ្ញុំជឿជាក់យ៉ាងខ្លាំងថាការដឹងថា ខ្លួនឯងមកពីណា ជួយខ្ញុំឱ្យមានមូលដ្ឋាន និងទំនាក់ទំនងជាមួយវាជារៀងរាល់ថ្ងៃ” ។
ក្នុងនាមជាSolatario ជំនាន់ទី៥០ លោកGregគឺជាផ្នែកមួយនៃគ្រួសារបុរាណចុងក្រោយ ដែលរស់នៅជ្រលងហាឡាវ៉ា ជាបំណែកទឹកដីប្រវត្តិសាស្ត្រមួយនៃម៉ូឡូកាក់ ដែលជនជាតិហាវ៉ៃចាប់ផ្តើមតាំងទីលំនៅ នៅដើមឆ្នាំ៦៥០ មុនគ.ស។
គាត់បាននិយាយថា “មានឃ្លាមួយដែលប្រជាជនហាវ៉ៃតែងតែនិយាយគឺnana i ke kumu ដែលមានន័យថា "រៀនពីប្រភព ឬរៀនពីគ្រូ” ការគិតនេះសំដៅទៅជីដូនជីតារបស់យើង គឺជាអ្នកណែនាំយើង។ នៅពេលអ្នកដឹងថាអ្នកមកពីណា អ្នកអាចស្គាល់ខ្លួនឯងបានកាន់តែច្បាស់។ ហើយការស្គាល់ខ្លួនឯង ការដឹងរឿងរបស់ខ្លួនឯង គឺជាវិធីល្អបំផុតមួយដើម្បីឱ្យមានសុខភាពល្អ” ។
ដូច្នេះហើយ យើងអាចសាកសួរឪពុកម្តាយ ឬជីដូនជីតារបស់អ្នក ឬអ្នកជិតខាងវ័យចំណាស់អំពីជីវិតរបស់ពួកគាត់មុនពេលដែលពួកយើងកើត។ វាជាការយល់ដឹងមួយអំពី ពូជពង្សជីដូនជីតារបស់ខ្លួន និងយល់កាន់តែច្បាស់ថាខ្លួនឯងជានរណា។ ការចំណាយពេលវេលាស្តាប់នូវដំណើររឿងជីវិតរបស់គាត់ ក៏ជាវិធីមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយចាស់ទុំ ដែលអាចជួយក្នុងការរៀបចំផ្លូវជីវិតរបស់អ្នកបានច្បាស់លាស់៕
អត្ថបទដកស្រង់ពី Anne Daly
បកប្រែ និងកែសម្រួលដោយ លោក ម៉េងស៊