រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានសម្រេចរៀបចំការដឹកជញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ Sukhoi Su-35 របស់រុស្ស៊ីហើយ ខណៈដែលទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្កូបង្កើនទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធនឹងគ្នា។
-
អ៊ីរ៉ង់សម្រេចកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងរុស្ស៊ី
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានសម្រេចការរៀបចំដឹកជញ្ជូនយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ Sukhoi Su-35 របស់រុស្ស៊ីហើយ ខណៈដែលទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្កូបង្កើនទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធនឹងគ្នា។
កងទ័ពអាកាសរបស់អ៊ីរ៉ង់មានយន្តហោះវាយប្រហារតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ក្នុងនោះរួមមានយន្តហោះរុស្ស៊ី ក៏ដូចជាយន្តហោះម៉ូដែលចាស់ៗរបស់អាមេរិកផងដែរ ដែលទទួលបានមុនបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mehdi Farahi បាននិយាយថា "ផែនការត្រូវបានសម្រេចហើយសម្រាប់ការទិញយន្តហោះចម្បាំង Sukhoi Su-35, ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 របស់រុស្ស៊ីដើម្បីចូលរួមជាមួយអង្គភាពប្រយុទ្ធនៃកងទ័ពអ៊ីរ៉ង់" ។
-
IDF បាញ់ផ្លោង 100,000 គ្រាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស
យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងការពារអ៊ីស្រាអែល IDF បានបាញ់ផ្លោងជាង 100,000 គ្រាប់មកទល់នឹងពេលបច្ចុប្បន្នក្នុងអំឡុងពេលនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសនេះ។
តាមការបំបែកឡើងនៃចំនួនគ្រាប់ផ្លោងនេះ មានជាង 90.000 គ្រាប់ត្រូវបានបាញ់ទៅលើតំបន់ហ្គាហ្សា និងប្រហែល 10.000 គ្រាប់ត្រូវបានបាញ់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា និងក្រុមដែលពាក់ព័ន្ធនឹងហាម៉ាសនៅក្នុងប្រទេសលីបង់ និងស៊ីរី។
មួយផ្នែកនៃសមត្ថភាពកម្លាំងបាញ់ប្រហារដ៏ធំនេះបានមកពីការរីកចំរើននៅក្នុងបញ្ជាការ កម្លាំងបាញ់ប្រហាររបស់កងកម្លាំងការពារ IDF ហៅថា Firepower Command ដែលពីមុនត្រូវបានស្គាល់ថាជាបញ្ជាការកាំភ្លើងធំ រឺហៅថា Artillery Command។
ឈ្មោះនេះត្រូវបានប្តូរនៅពេលដែលបញ្ជាការនេះឈានដល់ចំណុចមួយដែលចំនួននៃកម្លាំងបាញ់ប្រហារដ៏ច្រើនរបស់ពួកគេបានមកពីអង្គភាពដ្រូនផងដែរ ដូចជាអង្គភាពដ្រូន 5252 Zik ដែលមិនមែនត្រឹមតែអង្គភាពកាំភ្លើងធំប៉ុណ្ណោះទេ។
-
អាមេរិកថាការបង្កើនជំនួយនៅហ្គាហ្សាគួរតែបន្តបន្ទាប់ពីផ្អាកប្រយុទ្ធ
យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកពីររូបបានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ចំពោះអ៊ីស្រាអែលថា ខ្លួនរំពឹងថាការកើនឡើងនូវកម្រិតជំនួយមនុស្សធម៌ និងប្រេងឥន្ធនៈដែលចូលទៅដល់តំបន់ហ្គាហ្សាក្នុងអំឡុងពេលផ្អាកនៃការប្រយុទ្ធនេះនឹងនៅតែបន្ត បើទោះបីជាបទឈប់បាញ់បណ្តោះអាសន្នត្រូវបានបញ្ចប់ក៏ដោយ ។
ក្នុងអំឡុងពេលផ្អាកប្រយុទ្ធដែលត្រូវបានពន្យារឡើងចំនួនពីរថ្ងៃកាលពីថ្ងៃចន្ទ មានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនរថយន្តដឹកជំនួយដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សា ដែលក្នុងនោះរួមមានទាំងនៅតំបន់ភាគខាងជើងហ្គាហ្សាផងដែរ។ ការកើនឡើងនៃជំនួយនេះក៏បានរាប់បញ្ចូលទាំងប្រេងឥន្ធនៈ និងឧស្ម័នចម្អិនអាហារបន្ថែមផងដែរ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា រដ្ឋបាលលោក Biden មានការព្រួយបារម្ភអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលដែលអាចធ្វើឡើងនៅក្នុងតំបន់ហ្គាហ្សាភាគខាងត្បូង ដែលមានប្រជាជនប៉ាឡេស្ទីនប្រហែល 2 លាននាក់ត្រូវបានប្រមូលផ្តុំ បន្ទាប់ពីជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេទៅកាន់ភាគខាងជើងនៃតំបន់ហ្គាហ្សានេះ។