លោកប្រធានាធិបតីចិន ស៊ី ជីងពីង បានធ្វើការព្រមានចំពោះការលូកដៃចូលមកអន្តរាគមន៍នៅក្នុងតំបន់ពីកំលាំងខាងក្រៅ ខណៈដែលអូស្រ្តាលីបានច្រានចោលនូវការកើនឡើងកំហឹងរបស់ចិនចំពោះសេចក្តីសំរេចរបស់ខ្លួនដើម្បីទទួលយកនូវកម្មវីធីនាវាមុជទឹករបស់អាមេរិកដែលដើរដោយឋាមពលនុយក្លេអ៊ែរ ព្រមទាំងសន្យាថានឹងអនុវត្តន៍និតិវិធី នៃច្បាប់សមុទ្រនិងអាកាសដែលចិនបានអះអាងនិងប្រកួតប្រជែងយ៉ាងក្តៅគគុកនោះ។
នៅក្នុងការថ្លែងសុន្ទរកថារកាលពីថ្ងៃសុក្រនៅចំពោះមុខ អង្គការសហប្រតិបត្តិការ សៀងហៃ (SCO) លោកស៊ីបានជំរុញឲ្យប្រមុខរដ្ឋទាំងអស់ “ ដាច់ខាត ត្រូវតែធ្វើការតស៊ូទប់ទល់ទៅនឹងកំលាំងអន្តរាគមន៍ពីខាងក្រៅចូលមកក្នុងប្រទេសនៃតំបន់របស់យើង ទោះបីជានៅក្រោមលេសណាក៏ដោយ ហើយត្រូវចាំបាច់ទ្រទ្រង់នូវការចំរើនលូតលាស់និងការអនុវត្តន៍ដោយចិរភាពដែលមានក្នុងដៃយ៉ាងរឹងមាំ”។
ការធ្វើអត្ថាធិប្បាយរបស់លោកស៊ី បានធ្វើឡើងបន្ទាប់ពីមានការប្រកាស របស់សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដើម្បីបង្កើតនូវសម្ព័ន្ធមិត្តជាដៃគូរការពារសន្តិសុខក្នុងតំបន់ ហើយអូស្រ្តាលីក៏បានធ្វើការសំរេចចិត្តទិញនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរពីអាមេរិក។
កាសែតរដ្ឋចិន Global Times បានធ្វើការពិពណ៌នានិងហៅ អូស្រ្តាលី ថាជាកូនអុករបស់អាមេរិក និងឆោតល្ងង់ក្នុងការចំណាយថវិការទៅលេងល្បែងសង្រ្គាមត្រជាក់របស់អាមេរិក។
“អូស្រ្តាលីអាចនឹងប្រឈមមុខទៅនឹងផលវិបាកដែលមានគ្រោះថ្នាក់ជាទីបំផុត ក្នុងករណីដែលមានសង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់។ តែទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បានលើកឡើងថាកាលពីថ្ងៃសុក្រ “ ចិនក៏មានកម្មវិធីរបស់ខ្លួនក្នុងការផលិតនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរដែរ “