កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២លោកJustinBieberដែលជាតារាចំរៀងដ៏ល្បីរបស់សហរដ្ធអាមេរិក បានធ្វើឲ្យហ្វែនរបស់លោកភ្ញាក់ផ្អើល បន្ទាប់ពីលោកបានបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់លោក ដែលបង្ហាញថា លោកកំពុងតែជួបប្រទះ នូវពិការភាពលើមួយចំហៀងនៃផ្ទៃមុខ។ តារាចំរៀងរូបនេះ បាននិយាយថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានជម្ងឺ Ramsay Hunt Syndromeដែលជាជម្ងឺកម្រមួយដែលតែងតែកើតឡើងនៅពេលដែលជំងឺរើមវាយប្រហារលើប្រព័ន្ធសរសៃប្រសាទផ្ទៃមុខដែលនៅគៀកនឹងត្រចៀកម្ខាងរបស់មនុស្សយើង។ជំងឺនេះស្ថិតនៅក្នុងពូជអំបូរតែមួយនៃមេរោគ ដែលបង្កជាជំងឺអុតស្វាយ (Chickenpox) និង ជំងឺ Monkeypox ពោលគឺជា វីរុស Varicella-Zoster។ នៅក្នុងវីដេអូនោះ លោក Justin Bieber បានបង្ហាញពីភាពមិនអាចកម្រើកបាន នៃផ្ទៃមុខខាងឆ្វេងរបស់លោក។
លោកបានបន្តថា “ដូចដែលអ្នកបានឃើញអញ្ចឹង ភ្នែកម្ខាងនេះមិនអាចព្រិចបានទេ”។ “ខ្ញុំមិនអាចញញឹមនៅលើផ្ទៃម្ខាងនៃមុខរបស់ខ្ញុំបានទេ ហើយរន្ធច្រមុះនេះនឹងមិនកម្រើកឡើយ”។ បន្ទាប់មកពីរបីម៉ោងក្រោយលោកបានបង្ហោះវីដេអូទៀតដោយនិយាយថា“ការញុាំអាហារកាន់តែពិបាកខ្លាំងឡើងៗសម្រាប់ខ្ញុំហើយវាធ្វើឲ្យខ្ញុំមានការពិបាកចិត្តខ្លាំងណាស់ដូច្នេះសូមអ្នកទាំងអស់គ្នាជួយបន់ស្រន់ឲ្យខ្ញុំផង”។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ទេថាតើ លោក Justin Bieber បានធ្វើរោគវិនិច្ឆ័យរកជំងឺ RamsayHunt Syndrome តាំងពីពេលណានោះទេ តែដំណឹងនេះបានលេចឮឡើង គឺនៅពេលដែលលោក Justin Bieber បានសម្រេចចិត្តលុបចោលនាពេលថ្មីៗនេះ នូវការសម្តែងជាបន្តបន្ទាប់នៅក្នុងកម្មវិធី Justice World Tour ឆ្នាំ២០២២របស់លោក ដោយសារតែអាការនៃជំងឺដែលមិនអាចដឹងមុនបាន។ លោក Justin Bieber និយាយថា លោកសង្ឃឹមថា លោកនឹងបានជាសះស្បើយឡើងវិញ ហើយវាទាមទារឲ្យលោកត្រូវការលំហាត់ប្រាណលើផ្ទៃមុខនិងត្រូវការសម្រាកឲ្យបានគ្រាន់បើសិន។
ជាធម្មតាការឆ្លងនេះនឹងបាត់ទៅវិញនៅក្នុងរយៈពីរបីសប្តាហ៍ប៉ុន្តែមនុស្សមួយចំនួនអាចមានការឈឺចាប់នៅត្រង់ប្រព័ន្ធសរសៃប្រសាទ។តែនៅក្នុងករណីកម្រ ការវះកាត់គឺចាំបាច់ត្រូវតែធ្វើ ដើម្បីបន្ថូរបន្ថយសម្ពាធលើសរសៃប្រសាទមុខ។ ដោយយោងទៅតាមមជ្ឈមណ្ឌលជាតិសម្រាប់ពត៏មានជីវបច្ចេកវិទ្យា បានឲ្យដឹងថា មនុស្សប្រហែល៥ នាក់នៅក្នុងចំណោម ១០០,០០០ នាក់នៅសហរដ្ធអាមេរិកត្រូវបានរងផលប៉ះពាល់ដោយរោគសញ្ញាRamsayHuntហើយជំងឺនេះបង្កឲ្យមានប្រហែល ៧% នៃករណីពិការភាពលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
បកប្រែដោយ៖ ម៉ៅ គុយដង់