Gangubai Kathiwadi គឺជាខ្សែរភាពយន្ត Drama ឥណ្ឌាថ្មីដែលកំពុងតែផ្ទុះល្បីខ្លាំង ជាពិសេសនៅលើ Netflix App ។ វាគឺជាភាពយន្តដែលនិយាយអំពីខ្សែជីវិតពិតរបស់ រាជិនីម៉ាហ្វៀនៃទីក្រុងម៉ុមបៃ (Mafia Queens of Mumbai) ។ Ganga Harjivandas គឺជាឈ្មោះពិតប្រាកដ របស់ រាជិនីម៉ាហ្វៀ Gangubai Kathiwadi ។ នាងកើត និងធំធាត់ដឹងក្តីនៅក្នុងគ្រួសារស្តុកស្តម្ភមួយក្នុងតំបន់ Kathiawad នៃរដ្ធ Gujarat ។ បន្ទាប់មក នាងបានក្លាយជា រាជិនីនៃពេស្យាចារក្នុងទសវត្សរ៍ទី ៥០ និង ៦០ នៅក្នុងទីក្រុងម៉ុមបៃ។ ដូច្នេះតើដំណើរសាច់រឿងនៃភាពយន្តនេះដូចម្តេចខ្លះ? Admin នឹងសង្ខេបដូចតទៅ។ Gangubai Kathiwadi គឺជាកូនស្រីនៃឈ្មួញដ៏ល្បីមួយនៅ ក្នុងតំបន់ Kathiawad រដ្ធ Gujarat ។
តាំងពីតូចមក នាងមានក្តីស្រមៃមួយគឺចង់ក្លាយជាតារាសម្តែង បូលីវូដ ដូច្នេះនាងមានបំណងចង់មកទីក្រុង ម៉ុមបៃ ដើម្បីដើរតាមក្តីសុបិន្តរបស់នាង។ នៅពេលដែលនាងមានអាយុ១៦ឆ្នាំ ហើយកំពុងតែសិក្សានៅមហាវិទ្យាល័យ នាងបានចាប់ចិត្តស្រឡាញ់ បុរសសង្ហាម្នាក់ឈ្មោះ រ៉ាមនីក ឡាល់ (Ramnik Lal) ដែលកំពុងបម្រើការងារជាគណនេយ្យករឲ្យឪពុករបស់នាង។ ដោយសារតែសេចក្តីស្រឡាញ់ខ្លាំងពេក នាងបានសម្រេចចិត្តចាកចេញពីផ្ទះហើយរត់តាម រ៉ាមនីក ឡាល់ ពីស្រុកកំណើត Kathiawad ហើយមកទីក្រុងម៉ុមបៃ ដើម្បីតាំងទីលំនៅ និងកសាងជីវិតថ្មីជាមួយគ្នា។ ត្រឹមតែរយៈពេលពីរបីថ្ងៃ ស្វាមីរបស់នាងបានធ្វើល្បិចបោកនាង ហើយបានលក់នាងទៅឲ្យផ្ទះបនក្នុងតម្លៃ ប្រាំរយរូពី (Rs 500) ស្មើនឹង ៦.៤៥ ដុល្លារ។ បន្ទាប់មកនាងបានចាប់ផ្តើមធ្វើជាស្រីពេស្យា ហើយជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរដូច្នេះដំណើរជីវិតថ្មីរបស់នាងក៏បានចាប់ផ្តើមឡើងនៅទីនោះដែរ។
ដំណើររឿងនៃការក្លាយជា រាជិនីម៉ាហ្វៀនៃទីក្រុងម៉ុមបៃ
Gangubai បានក្លាយជាឈ្មោះដ៏ល្បីល្បាញមួយនៅក្នុងតំបន់ភ្លើងក្រហម ម៉ុមបៃ ដែលគេស្គាល់ថាជា “Kamathipura”។ មានក្រុមពួកម៉ាហ្វៀល្បីៗជាច្រើនបានក្លាយជាអតិថិជនរបស់នាង។ នៅក្នុងចំណោមបងធំមា៉ហ្វៀខ្លាំងៗនៅទីនោះ បងធំ Karim Lala គឺជាបងធំម៉ាហ្វៀដែលមានឥទ្ធិពល និងអំណាចខ្លាំងជាងគេនៅក្នុងទីក្រុងម៉ុមបៃក្នុងទសវត្សរ៍ទី ៦០ ហើយតំបន់ភ្លើងក្រហម Kamathipura គឺឋិតនៅក្រោមការគ្រប់គ្រងរបស់គាត់។ មានថ្ងៃមួយកូនចៅរបស់ Karim Lala បានចាប់រំលោភនាង ដូច្នេះនាងបានទៅជួប Karim Lala ដើម្បីស្វែងរកយុត្តិធម៏។ ក្រោយមកទំនាក់ទំនងរបស់នាង និង បងធំម៉ាហ្វៀ Karim Lal ចាប់ផ្តើមល្អប្រសើរឡើង ហើយនាងបានស្នើសុំគាត់ធ្វើជាបងធម៏ដោយបានចងខ្សែរអង្កាំពណ៏ក្រហមទៅនឹងកដៃរបស់គាត់។
ចំណែកឯ KarimLala បានប្រគល់ការគ្រប់គ្រងតំបន់ Kamathipura ទាំងស្រុងទៅឲ្យប្អូនស្រីធម៏របស់គាត់ជាអ្នកកាន់កាប់វិញ។ ចុងបញ្ចប់នាងបានក្លាយជារាជិនីម៉ាហ្វៀដ៏ល្បីល្បាញ និងពោរពេញទៅដោយឥទ្ធិពល និងអំណាចនៅក្នុងទីក្រុងម៉ុមបៃ។ ក្នុងនាមជាស្តេចស្រីបននាងតែងតែជួយក្មេងៗហើយនិងជាពិសេសគឺក្មេងស្រី។ នាងមិនដែលបានជួញដូរក្មេងស្រីឬបង្ខំឲ្យពួកគេធ្វើជាស្រីពេស្យានោះទេ។ ដោយសារតែភាពឈឺចាប់និងស្នាមរបួសដែលនាងបានឆ្លងកាត់នាងបានខិតខំជម្រុញឲ្យមានការលុបបំបាត់ចោលនូវផ្ទះស្រីបនចេញពីតំបន់ Kamathipura ។ ដោយសារភាពជាគម្រូ និងអំពើរល្អរបស់នាង ប្រជាជននៅតំបន់ Kamathipura បានចងចាំនាង និងស្នាដៃរបស់នាង ហើយរូបចម្លាក់របស់នាងត្រូវបានគេសាងសង់ឡើងនៅក្នុងតំបន់នោះ ហើយរូបភាពរបស់នាងនៅតែបិទជាប់នឹងជញ្ជាំងផ្ទះស្រីបន។
បកប្រែដោយ៖ ម៉ៅគុយដង់