ដោយយោងទៅតាមសេចក្តីប្រកាសរបស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក ប្រធានាធិបតី Joe Biden នឹងស្វាគមន៍ក្រុមតារាចំរៀងកូរ៉េខាងត្បូង BTS ទៅកាន់សេតវិមាននៅថ្ងៃអង្គារ៍ដើម្បី "ពិភាក្សាគ្នាអំពីការរួមបញ្ចូល និងការតំណាងនៅអាស៊ី" និង ដើម្បី "ដោះស្រាយឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម និងការរើសអើងប្រឆាំងនឹងជនជាតិអាស៊ី"។
សេចក្តីប្រកាសនេះបានបន្តថា លោក Biden និង ក្រុម BTS ផងដែរនឹងពិភាក្សាគ្នាអំពីសារៈសំខាន់នៃភាពចម្រុះ និងការរួមបញ្ចូលគ្នា ហើយនិង វេទិការបស់ ក្រុម BTS ក្នុងនាមជាទូតយុវជន ដែលបានជួយផ្សព្វផ្សាយសារនៃក្តីសង្ឃឹម និងសុទិដ្ធិនិយមនៅទូទាំងពិភពលោក។ ដំណើរទស្សនកិច្ចរបស់ពួកគេ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែឧសភា ដែលជាថ្ងៃចុងក្រោយ នៃខែបេតិកភណ្ឌជនជាតិដើមភាគតិចអាស៊ី ជនជាតិដើមកោះហាវៃ៉ និងប៉ាស៊ីហ្វិក។
គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសនេះ បានចេញផ្សាយតាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាចម្បងដែលក្រុមនេះ ត្រូវបានហៅឲ្យទៅធ្វើទស្សនកិច្ចនៅសេតវិមានគឺដោយសារតែ BTS or Beyond the Scene គឺជាក្រុមតារាចម្រៀងដែលមានភាពលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ី ហើយក៏ជាក្រុមចម្រៀងដែលទទួលបានពានរង្វាន់ Grammy ។ ម្យ៉ាងវិញទៀត ក្រៅពីក្រុមនេះ មានតារាចំរៀងអាមេរិកផ្សេងទៀតដែរ ដែលបានចូលជួបលោកប្រធានាធិបតីគឺ កញ្ញា Olivia Rodrigo និង Jonas Brothers ៕
បកប្រែដោយ៖ ម៉ៅ គុយដង់