នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុង ដំណើរការបង្ហាញសកម្មភាពបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត, អង្គការសង្កេតការណ៍ និងអ្នកសារព័ត៌មាន កាលពីព្រឹកមិញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត, អង្គការសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលសកម្មភាពនោះ ធ្វើឡើងនៅរោងពុម្ព ណាវីន ព្រីនធីង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសកម្មភាពពិនិត្យការបោះពុម្ពសន្លឹកឆ្នោតនោះថា គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក។ លោកថា សន្លឹកឆ្នោតនេះចែកចេញជា២ប្រភេទ គឺសន្លឹកឆ្នោត ដែលបញ្ជូនទៅការិយាល័យបោះឆ្នោតចំនួន២៣.៧៨៩ការិយាល័យ មានចំនួន១១លានសន្លឹក និងសន្លឹកឆ្នោតតម្កល់ទុកនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតឡើងជាយថាហេតុណាមួយជាង១លានសន្លឹក។
បើតាមលោក ហង្ស ពុទ្ធា គំរូសន្លឹកឆ្នោត សម្រាប់បោះពុម្ព បានបញ្ជូនទៅដល់រោងពុម្ពកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ហើយមកដល់ពេលនេះ សន្លឹកឆ្នោតបោះពុម្ពរួចរាល់មានចំនួន១១ ខេត្តហើយ។ ការបោះពុម្ពនឹងរួចរាល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ លោកបន្តថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកចំណាយថវិកាជាង២លានដុល្លារ។ សរុបថវិកាសម្រាប់ការបោះឆ្នោតនេះ មានជាង៥០លានដុល្លារ។ ដោយឡែកទឹកខ្មៅជ្រលក់ដៃ បញ្ជាទិញពីឥណ្ឌា មានជាង៥ម៉ឺន២ពាន់ដប។
លោក ហង្ស ពុទ្ធា អះអាងថា ដំណើរការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី ហើយមន្ត្រីជំនាញរបស់ គ.ជ.ប ក៏បានត្រៀមរៀបចំកម្លាំង ដើម្បីយាមការពារនៅកន្លែងទីតាំង បោះពុម្ពសន្លឹកឆ្នោតផងដែរ។
គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ហើយលំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖ ទី១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី២, គណបក្សខ្មែរតែមួយ ទី៣, គណបក្សសញ្ជាតិកម្ពុជា ទី៤, គណបក្សខ្មែររួបរួមជាតិ ទី៥, គណបក្សកម្លាំងប្រជាធិបតេយ្យ
ទី៦, គណបក្សកសិករ ទី៧, គណបក្សស្រ្តីដើម្បីស្ត្រី ទី៨, គណបក្សខ្មែរឈប់ក្រ ទី៩, គណបក្សហ្វ៊ុនស៉ិនប៉ិច ទី១០, គណបក្សធម្មាធិបតេយ្យ ទី១១, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១២, គណបក្សបំណងពលរដ្ឋ ទី១៣, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៤, គណបក្សឯកភាពជាតិខ្មែរ ទី១៥, គណបក្សខ្មែរអភិរក្ស ទី១៦, គណបក្សយុវជនកម្ពុជា ទី១៧, គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា ទី១៨, គណបក្សប្រជាជនកម្ពុជា៕