ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលផ្តួចផ្តើមដោយប្រមុខរាជរដ្ឋាភិបាល នឹងរឹតបន្តឹងបន្ថែមទៀតលើចំណុចមួយចំនួន ដោយត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ព្រមទាំងធ្វើការផាកពិន័យពី៥ លានរៀលទៅ២០ លានរៀល ចំពោះជនណាដែលញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។
នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចនាយករដ្ឋមន្ត្រីឲ្យដឹងថា សម្តេចក្រឡាហោម សខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំពិភាក្សាពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ។ សម្តេចអះអាងថា អ្នកដែលមិនទៅបោះឆ្នោត គឺបង្ហាញថា គ្មានការទទួលខុសត្រូវ។
បើតាមសម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងថា មាត្រា១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥លានរៀលទៅ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុក ឬសកម្មភាពរារាំងជាប្រក្រតី នៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើររំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដ៏ទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តនៃការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែកក្នុងកថាខណ្ឌ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ។
មាត្រា១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០ លានរៀលទៅ៣០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដ៏ទៃទៀតចំពោះគណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា១៤២ ថ្មីខាងលើ។ គួររំលឹកថា គម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ត្រូវបានផ្តួចផ្តើមដោយសម្តេចនាយករដ្ឋមន្រ្តី។ តាមរយៈសារជាសម្លេងមួយកាលពីថ្ងៃទី១២ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ។
សម្តេចលើកឡើងថា អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដូច្នេះអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី គម្រោងធ្វើវិសោធនកម្មនេះ នឹងធ្វើឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧៕