គម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត នឹងធ្វើនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧នេះហើយ នេះបើតាមការបញ្ជាក់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ពន្លឿនការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺធ្វើយ៉ាងណាដាក់ទៅរដ្ឋសភាអនុម័ត ឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នាខែកក្កដា ខាងមុខនេះ។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីបង្កើនការទទួលខុសត្រូវចំពោះអ្នកឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត ពីព្រោះបើអ្នកឈរឈ្មោះឱ្យគេបើឆ្នោត សូម្បីសិទ្ធិពលរដ្ឋ គឺការទៅបោះឆ្នោត មិនអាចធ្វើបានផង តើនឹងអាចដឹកនាំប្រទេសកម្ពុជា បានដោយរបៀបណា។ សម្ដេចបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយការធ្វើវិសោធនកម្មច្បាប់នេះ មិនផ្ទុយពីរដ្ឋធម្មនុញ្ញនោះឡើយ។
គួររំលឹកថា កាលពីយប់មិញ (ថ្ងៃទី១២ ខែមិថុនា) សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏តាមរយៈសារជាសម្លេង ដោយប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។
សម្តេចលើកឡើងថា អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដូច្នេះអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទែសថៃ គេធ្វើបាន ដូច្នេះកម្ពុជា ក៏អាចធ្វើបានដែរ។ ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។ សម្តេចអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយច្រើន ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់៕