កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានខ្មាន់កាំភ្លើងម្នាក់វ័យ១៨ឆ្នាំ បានបើកការបាញ់ប្រហារមកលើសិស្ស និងគ្រូបង្រៀន នៅសាលាបឋមសិក្សា Robb (Texas) នៅក្នុងទីក្រុង Uvalde រដ្ធតិចសាស់។ នៅក្នុងហេតុការណ៍នេះ មានសិស្សសាលា ១៧ និងអ្នកគ្រូបង្រៀនពីរនាក់ ដែលព្យាយាមជួយការពារសិស្សត្រូវបានសម្លាប់ ព្រមទាំងអ្នករងរបួសជាច្រើនផ្សេងទៀត។ បន្ទាប់មកខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនៅទីនោះវិញ។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺជាអំពើហឹង្សាដែលមានការបាញ់ប្រហារដ៏សាហាវឃោរឃៅបំផុតនៅតាមសាលារៀនចុងក្រោយបង្អស់នៅក្នុងសហរដ្ធអាមេរិក ចាប់តាំងពីការបាញ់ប្រហារកាលពីឆ្នាំ ២០១២ នៅសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ធ Connecticut ។ ក្រោយពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើង គេឃើញមានមហាជនជាច្រើន ជាពិសេសតារាចំរៀងកំពូលៗរបស់សហរដ្ធអាមេរិក បានចែករំលែកសាររំលែកទុក្ខ ព្រមទាំងបានបង្ហាញអារម្មណ៍ខឹងក្រោធ សោកស្តាយ និងសេចក្តីទុក្ខព្រួយចំពោះហេតុការណ៍ឧបទ្ទវហេតុនេះ។
នៅក្នុងចំណោមតារាទាំងនោះ យើងសូមលើកយកតែបួនប៉ុណ្ណោះមកបង្ហាញ។ ទីមួយគឺ តារាចំរៀង Britney Spears បានសរសេរនៅក្នុង Instagram របស់នាងថា “បេះដូងរបស់ខ្ញុំត្រូវបែកខ្ទិចខ្ទាំហើយ ខ្ញុំវង្វេងវង្វាន់អស់ហើយពេលនេះ។ ខ្ញុំសូមអធិដ្ធានបួងសួងដល់ជនរងគ្រោះនៃសាលាបឋមសិក្សា Robb និងក្រុមគ្រួសាររបស់ពួកគេ។ ការអាណិតអាសូរ និងការរំលែកទុក្ខរបស់យើងគឺមិនគ្រប់គ្រាន់ទេ”។ នាងបានអំពាវនាវឲ្យមានការផ្លាស់ប្តូរនៅទូទាំងប្រទេស ដោយបានសរសេរថា “យើងត្រូវតែចាត់វិធានការ។ យើងត្រូវការការផ្លាស់ប្តូរ។ គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ។ យើងនឹងរក្សាការអធិដ្ធានរបស់យើង បើទោះបីជាវាមិនគ្រប់គ្រាន់ដើម្បីព្យាបាលការបាត់បង់នេះក៏ដោយ”។
ចំណែកឯ Taylor Swift បានសរសេរថា “នេះគឺជារឿងដែលគួរឲ្យឈឹចាប់ និងសោកស្តាយណាស់ សម្រាប់អ្នករស់នៅទីក្រុង Uvalde ព្រមទាំងទីក្រុង Buffalo ទីក្រុង Laguna Woods ក៏ដូចជាប្រជាជនរស់នៅទីក្រុងជាច្រើនផ្សេងទៀត”។ នាងបានបន្តថា “ដោយសារតែហេតុការណ៍ដ៏សាហាវឃោរឃៅនេះពួកយើងបានក្លាយទៅជាប្រជាជាតិមួយ ដែលទទួលរងការឈឺចាប់ដែលពិបាកយល់ និងមិនអាចទទួលយកបាន”។
ក៏ដូចគ្នានោះដែរ Olivia Rodrigo បាននិយាយនៅក្នុងកំឡុងពេលនៃការប្រគុំតន្រ្តីរបស់នាងនៅ L.A ថា “នាងខូចចិត្តខ្លាំងណាស់” ហើយនាងបានបន្តទៀតថា “យើងត្រូវការច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានតឹងរឹងជាងនេះនៅសហរដ្ធអាមេរិក”។
តារាកំពូលមួយទៀតគឺ Selena Gomez បាន Tweet នៅក្នុង Twitter ថា “ថ្ងៃនេះនៅក្នុងរដ្ធតិចសាស់ផ្ទះរបស់ខ្ញុំ មានសិស្សស្លូតត្រង់១៨នាក់ត្រូវបានសម្លាប់ ខណៈពេលដែលពួកគេកំពុងតែរៀន។ គ្រូបង្រៀនម្នាក់បានស្លាប់ក្នុងកំឡុងពេលដែលកំពុងបំពេញការងាររបស់នាង ដែលជាការងារមានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន។ បើក្មេងៗមិនទទួលបានសុវត្ថិភាពនៅឯសាលារៀន តើទីកន្លែងណាទៅដែលសាកសមសម្រាប់ពួកគេ?” នាងបានបន្តទៀតថា “វាពិតជារឿងដ៏គួររន្ធត់ចិត្តណាស់ ហើយខ្ញុំមិនដឹងត្រូវនិយាយអ្វីទៀតទេ។ អ្នកដែលមានអំណាចត្រូវតែបញ្ឈប់ការស្បថស្បែរត្រឹមតែតាមបបូរមាត់ ហើយជាការពិតណាស់ត្រូវតែផ្លាស់ប្តូរច្បាប់ទាំងនេះ ដើម្បីការពារនិងបញ្ចៀសការបាញ់ប្រហារបែបហ្នឹងតទៅទៀតនៅក្នុងពេលអនាគត”៕