លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអោយដឺងថាសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលទើបជាសះស្បើយ អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ក្នុងគម្លាត ៤ខែ រាប់ចាប់តាំងពីថ្ងៃជាសះស្បើយដំបូង។
លោកជំទាវ បានបន្ថែមថា សម្រាប់ពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ជាពិសេសអ្នក ដែលមានជំងឺប្រចាំកាយ ឬអ្នកជំងឺកូវីដ-១៩ ហើយទើបនឹងជាសះស្បើយ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន សូមចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ជាពិសេសដូសជំរុញ ជាដូសទី៣ និងដូសទី៤។
លោកជំទាវ បញ្ជាក់ថា សម្រាប់ដូសជំរុញ ដូសទី៣ ឬក៏ដូសទី៤ មានប្រជាពលរដ្ឋជាច្រើន បានចូលរួម នៅក្នុងយុទ្ធនាការនេះ ព្រោះពួកគេមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង ហើយបច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងដល់ប្រជាពរដ្ឋ នៅតាមមន្ទីរពេទ្យជាតិ មានដូចជា មន្ទីរពេទ្យកាល់ម៉ែត្រ មជ្ឈមណ្ឌលគាំពារមាតា និងទារក មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពទាំងអស់ ដែលនៅរាជធានីភ្នំពេញ ជាដើម៕