ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងការជួបប្រជុំមួយរវាងសមាជិកសភាសហគមន៍អឺរ៉ុប និងប្រធានាធិបតីតៃវ៉ាន់ Tsai Ing-Wen កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើការព្រមានភ្លាមៗចំពោះសហគមន៍អឺរ៉ុបថា ត្រូវតែកែតម្រូវនូវកំហុសរបស់ខ្លួន បើសិនជាចង់ជៀសវាងនូវទំនាក់ទំនងដ៏អាក្រក់មួយ។ ទស្សនកិច្ចទៅកាន់ទីក្រុងតៃបុី ដោយសមាជិកសភាអឺរ៉ុបចំនួន៧រូប បានជះផ្កាភ្លើងនៃការគំរាមថានឹងមានប្រតិកម្មវែងឆ្ងាយអំពីចិន ដែលមានកំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារទំនាក់ទំនងកាន់តែកក់ក្តៅរវាងអ្នកនយោបាយអឺរ៉ុបខ្លះជាមួយនឹងដែនកោះដែលគ្រប់គ្រងដោយខ្លួនឯង។ សមាជិកសភាអឺរ៉ុបក៏បានជួបផងដែរ ជាមួយនឹងអ្នកការទូតអាមេរិកដែលមានមូលដ្ឋាននៅតៃវ៉ាន់កាលពីថ្ងៃសុក្រ បើយោលទៅតាមកាសែត Politico ដែលគេបានឃើញ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កាលពីសប្តាហ៍មុនបាន ព្រមានប្រទេសទាំងអស់នោះថា នឹងត្រូវបង់ក្នុងតម្លៃមួយ ក្នុងការវិវត្តិន៍ទៅរកទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយតៃវ៉ាន់។ ឆ្លើយតបទៅនឹងជំនួបរវាងសមាជិកសភាអឺរ៉ុបនិងប្រធានាធិបតី Tsai កាលពីថ្ងៃព្រហស្បតិ៍, អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបាននិយាយថា "យើងជំរុញឲ្យសហគមន៍អឺរ៉ុបកែតម្រូវនូវកំហុសឆ្គងរបស់ខ្លួន ហើយកុំបញ្ជូននូវសញ្ញខុសចំពោះឯករាជ្យភាពនៃកំលាំងរបស់តៃវ៉ាន់ បើពុំនោះសោតទេ ទំនាក់ទំនងរវាងចិននិងអឺរ៉ុបនឹងត្រូវខ្ទេចខ្ទាំ។"
ទោះបីជាមានការគំរាមកំហែងពីទីក្រុងប៉េកាំងនៅក្នុងការធ្វើទស្សនកិច្ចនេះក៏ដោយ សមាជិកសភាសហគមន៍អឺរ៉ុបហាក់ដូចជាពុំមានការភ្ញាក់ផ្អើល ដោយបានធានាចំពោះលោកស្រី Tsai ថាសហគមន៍អឺរ៉ុបនឹងឈរនៅជាមួយតៃវ៉ាន់។
"កាលពី៣០ឆ្នាំមុន អ្នកបានបង្កើតនូវប្រវត្តិសាស្ត្រ តៃវ៉ាន់សព្វថ្ងៃនេះកំពុងតែរះឡើងយ៉ាងត្រចះត្រចង់ មានភាពរឹងមាំនិងប្រជាធិបតេយ្យកំពុងតែចែងចាំងជាងគេនៅក្នុងតំបន់" Raphael Glucksmann ប្រធានគណៈកម្មាធិការពិសេសនៃសភាអឺរ៉ុប ទទួលបន្ទុកការងារជ្រៀតជ្រែកពីបរទេស បាននិយាយនៅក្នុងការិយាល័យអ្នកស្រីប្រធានាធិបតី។ “យើងមកទីនេះជាមួយនឹងភាពសាមញ្ញ និងមានសារដោយច្បាស់លាស់ថា តៃវ៉ាន់នឹងមិននៅតែម្នាក់ឯងទេ”។
សមាជិកសភាអឺរ៉ុបមកពីគណបក្សប្រជាធិបតេយ្យ និងសង្គមនិយមបានបន្ថែមទៀតថា "អឺរ៉ុបនឹងឈរនៅជាមួយអ្នក ក្បែរអ្នក ក្នុងការការពារនូវសេរីភាព និងការការពារនូវនិតិរដ្ឋនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ"៕