CNN-
ជាថ្មីម្តងទៀត ភាពតានតឹងកំពុងតែកើនឡើងនៅអ៊ុយក្រែន, របាយការណ៍ដែលថារុស្សីកំពុងតែចល័តគ្រឿងយុទ្ធោបករណ៍ដែលមានចម្ងាយ ២៥០គីឡូម៉ែត្រ ពីព្រំប្រទល់បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្មណ៍។ រីឯកងកម្លាំង អ៊ុយក្រែនក៏បានដាក់ពង្រាយ ដ្រូនសំរាប់ប្រយុទ្ធនៅតាមបណ្តោយខ្សែសមរភូមិ ដែលបែងចែកពួកគេពីក្រុមបំបែករដ្ឋនិយមរុស្សីនៅក្នុងតំបន់ Donbas ។
ខ្សែត្រៀមជួរមុខនៃទំនាស់ ដែលមានការប្រឈមមុខបានលាតសន្ធឹងជាច្រើនរយម៉ាយពីភាគខាងជើងអ៊ុយក្រែនទៅដល់សមុទ្ទ Azov ដែលទើបតែមានចលនាក្នុងរយៈពេល៥ឆ្នាំនេះ។ កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឧត្តមនាវី John Kirby បាននិយាយថាមន្ទីរបញ្ចកោណបានដឹងអំពីរបាយការណ៍ជាសាធារណៈ អំពីសកម្មភាពមិនប្រក្រតីរបស់យោធារុស្សីនៅជិតអ៊ុយក្រែន។
រូបភាពតាមផ្កាយរណបបានបង្ហាញពីគ្រឿងយុទ្ធោបករណ៍របស់រុស្សី រួមមានរថក្រោះ រថពាសដែក កាំភ្លើងផ្លោង និងរថយន្តសំរាប់កងទ័ពថ្មើរជើង កំពុងតែធ្វើសកម្មភាពនៅក្នុងទីធ្លាហ្វឹកហ្វឺន ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីព្រំប្រទល់។ ប៉ុន្តែក្រសួងការពារជាតិ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា គេមិនមានកំណត់ត្រានៃការបញ្ជូនបន្ថែមនៃអង្គភាពកងទ័ពរុស្សី អាវុធយុទ្ធភ័ណ្ឌ និងឧបករណ៍យោធានៅក្បែរព្រំដែនអ៊ុយក្រែនទេ។
កាលពីថ្ងៃអង្គារ៍ ក្រសួងការពារជាតិបាននិយាយថា ដែលជាការប៉ាន់ប្រមាណកងទ័ពរុស្សីប្រហែលជា៩០,០០០ នាក់ បានស្ថិតនៅក្បែរព្រំប្រទល់ និងនៅក្នុងទឹកដីដែលកាន់កាប់បណ្តោះអាសន្ននិងនៅក្នុងសមុទ្ទខ្មៅផងដែរ។ ក្រសួងការពារជាតិ អ៊ុយក្រែនបានបន្ថែមទៀតថា រុស្សីបានរៀបចំការអនុវត្តបញ្ជូន និងប្រមូលផ្តុំអង្គភាពកងទ័ព ក្នុងគោលបំណងពង្រឺងភាពតានតឹងក្នុងតំបន់ និងដាក់សម្ពាធនយោបាយមកលើប្រទេសជិតខាង។
Kirby បាននិយាយថា អាមេរិកបានតាមមើលយ៉ាងដិតដល់ជាទីបំផុតចំពោះរឿងនេះ "ខ្ញុំមិនអាចនិយាយអំពីចេតនារបស់រុស្សីទេ, ប៉ុន្តែយើងកំពុងតែតាមពិនិត្យមើលរឿងក្នុងតំបន់នេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត យើងតែងតែធ្វើវា។ ការកើនឡើងនៃសកម្មភាពឈ្លានពានវាជាកង្វល់ដ៏ធំធេងរបស់សហរដ្ឋអាមេរិក"៕