វ៉ាស៊ិនតោន- ឆ្លើយតបទៅនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីចិនអាមេរិកបានប្រកាសនូវសម្ព័ន្ធមិត្តមួយថ្មីទៀតនៅថ្ងៃទី១៥កញ្ញានេះ ដែលមាន៣ប្រទេសចូលរួមគឺ អូស្រ្តាលី អង់គ្លេសនិងអាមេរិក ដើម្បីពង្រឹងសមត្ថភាពផ្នែកនាវានៅក្នុងឥណ្ឌូប៉ាស៊ីហ្វីកដែលអូស្រ្តាលីនឹងត្រូវបានទទួលនាវាមុជទឹកឋាមពលនុយគ្លេអ៊ែរថ្មីមួយក្រុម។
សេចក្តីប្រកាសនេះបានធ្វើឡើងតាមរយៈការប្រជុំតាមវីឌីអូររវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden នាយករដ្ឋមន្រ្តី អូស្រ្តាលី Scott Morrison និងសមភាគីអង់គ្លេស Boris Johnson ដែលគេមើលឃើញយ៉ាងច្បាស់ថានឹងធ្វើឲ្យបារាំងមានការខឹងក្រេវក្រោធយ៉ាងខ្លាំងក្នុងការដែលបានធ្វើការចរចារគ្នាតាំងពីយូរលង់មកហើយដើម្បីលក់នាវាមុជទឹកដែលមានតំលៃរាប់ពាន់លានដុល្លារទៅឲ្យអូស្រ្តាលី។
ក្រុមអ្នកផលិតនាវាបារាំងបានបង្ហាញនូវការអស់សង្ឃឹមយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងនៃការផ្តួចផ្តើមគំនិតក្នុងការបង្កើតសម្ព័ន្ធមិត្តថ្មីមួយនៅក្នុងតំបន់ឥណ្ឌូប៉ាសីហ្វីកដែលវានឹងធ្វើឲ្យមានការដកខ្លួនចេញពីការព្រមព្រៀងគ្នាជាមួយអូស្រ្តាលីក្នុងរឿងទិញលក់នាវាមុជទឹកនេះ។
Bidenបាននិយាយថាការងារក្នុងការបង្កើនសមត្ថភាពឲ្យអូស្រ្តាលីផលិតនាវាមុជទឹកនុយគ្លេអ៊ែរនេះនឹងធានាថាពួកគេនឹងមានសមត្ថភាពដ៏ទំនើបជាងគេដែលយើងត្រូវការចាំបាច់បំផុតដើម្បីការពារប្រឆាំងទៅនឹងការគំរាមកំហែងដែលវិវឌ្ឍន៍ឆាប់រហ័សជាទីបំផុត។ Biden បានបញ្ជាក់ទៀតថានាវាមុជទឹកនេះនឹងមិនបំពាក់អាវុធនុយគ្លេអ៊ែរទេតែវានឹងដើរដោយឋាមពលនុយគ្លេអ៊ែរ។
មេដឹកនាំទាំង៣ មិនបាននិយាយសំដៅទៅលើចិនទេចំពោះការបង្កើតសម្ព័ន្ធមិត្តថ្មីដែលមានឈ្មោះថា AUKUS នេះតែអ្នកវីភាគបានមើលឃើញយ៉ាងច្បាស់ថាគឺជាការទប់ទល់ប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក។