សិស្សនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ បានចូលរៀនដោយផ្ទាល់នៅសាលារបស់ខ្លួនឡើងវិញនាព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញានេះ។ ការបើកសាលារៀនឡើងវិញនេះ គឺតម្រូវឱ្យសាលារៀននីមួយៗ ត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ជាពិសេសសិស្សត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។
គួរបញ្ចាក់ថាកាលពីថ្ងៃទី១៤ខែកញ្ញាម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកបុគ្គលិកអប់រំចំនួន២៤នាក់បានរកឃើញវិជ្ចមានកូវីដ១៩ ក្នុងបុគ្គលិកអប់រំចំនួន១០៤១៩នាក់ ដែលបានតេស្តរកមេរោគកូវីដ មកបើកដំណើរសាលារៀននាថ្ងៃនេះ ។