ខេត្តរតនគិរី៖ លោក ពុធ ដានី អភិបាលរងក្រុង និងក្រុមការងារបានណែនាំដល់ក្រុមអាជីវករថា រាល់អាជីវករណាដែលមិនមានលិខិតបញ្ជាក់ពីការធ្វើតេស្តរហ័សនៅថ្ងៃទី២ ខែកញ្ញានោះទេ គឺមិនអនុញ្ញាតឲ្យយកបន្លែត្រីសាច់យកមកអង្គុយលក់នៅក្នុងផ្សារសុវត្ថិភាពឡើយ។
លោក ពុធ ដានី ថ្លែងបញ្ជាក់ប្រាប់ក្រុមការងារ BeeTube News ថា÷ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ នៅក្នុងផ្សារសុវត្ថិភាពកុំឆ្លងទៅសហគមន៍ផ្សេងទៀត។
លោកក៏បានសំណូមពរដល់ ក្រុមអាជីវករណាដែលមានកន្លែងលក់ហើយ ប៉ុន្តែមិនទាន់បាន ធ្វើតើដើម្បីរកវិជ្ជមានកូវីដ១៩ សូមរួសរាន់ទៅធ្វើតេស្តឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងការរីករាលដាលនៃជំងឺនេះបន្តទៀត។
ជាមួយគ្នានោះដែរលោក ឆេង រដ្ឋា ចៅសង្កាត់រងបឹងកន្សែងក៏បានលើកឡើងថាសម្រាប់ផ្សារសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្តក្រុងសង្កាត់ ឋិតនៅក្នុងភូមិទេសអន្លង់សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។ លោកបញ្ជាក់បន្ថែមថា ការរៀបចំផ្សារសុវត្ថិភាពនេះគឺជាលើកទី ២ហើយ សម្រាប់ខេត្តរតនគិរី ការរៀបចំនេះគឺក្នុងគោលបំណង ទប់ស្កាត់នៃជំងឺកូវីដ១៩កុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ខែកញ្ញាឆ្នាំ ២០២១ ខេត្តរតន:គិរីមានអ្នកឆ្លងសរុបចំនួន១.២០៣នាក់ វិជ្ជមានប្រភេទដែលតាចំនួន ១០ នាក់និង ស្លាប់សរុបចំនួន ៨ នាក់ សរុបអ្នកជាសះស្បើយសរុប ៨២៣នាក់ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសរុប ៣៧០នាក់៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក