ជាតារាចម្រៀង និងជាអ្នកនិពន្ធឯករាជ្យ លោក សូ៊ លីផេង បានប្រកាសជាសារធារណៈបូករួមជារូបភាពនៃបទចម្រៀងរបស់លោក ដែលបង្កប់ជាមួយស្នាមញញឹមប្រកបដោយក្តីអស់សង្ឃឹម នេះបើយើងក្រឡេកទៅមើលលើរូបភាព Poster នៃ MV របស់លោក។ មិនចំឡែកនោះទេដែលលោក Suly Pheng តែងតែផលិតនៅបទចម្រៀងបែបកំសត់ ស្នេហា ព្រាត់ប្រាស់ ឈឺចិត្តស្អិតទ្រូង ស្រឡាញ់គេតែម្ខាងនោះ ចុងក្រោយត្រូវជូតទឹកភ្នែកដល់ក្បាលជង្គង់នោះ។
តាមរយៈការផុសនៅលើផេកផ្លូវការរបស់លោក ក៏បានបញ្ជាក់ថា បទចម្រៀងនេះនឹងចេញជាផ្លូវការនៅថ្ងៃសៅរ៍ ទី១៥ នៅវេលា ម៉ោង ៨យប់ ដោយនឹងមានការចូលរួមច្រៀងជាមួយនឹងលោក KZ ដែលធ្លាប់ច្រៀងរួមគ្នាម្តងរួចមកហើយ ជាមួយបទ ហួសព្រំដែន។ មិនតែប៉ុណ្ណោះការផុសនោះក៏បានភ្ជាប់ជាមួយនឹងពាក្យមួយឃ្លាថា "យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ត្រឹមជាដៃគូឆ្លងពេលវេលា…"។ អ្នកគាំទ្ររបស់លោកជាច្រើនមិនទាន់ដឹងច្បាស់នោះទេថា នេះគ្រាន់ជាសារដែលលោកសរសេរលេងសម្រាប់ផុសឬជា Lyric មួយនៅក្នុងបទចម្រៀងថ្មីរបស់លោក ឬយ៉ាងណានោះទេ។ តែយ៉ាងណាមិញ គ្រាន់តែ ការផុសរបស់លោកតែប៉ុណ្ណឹង បានធ្វើអោយអ្នកគាំទ្រលោកគ្រប់ទិសទី ត្រៀមទឹកភ្នែកដើម្បីស្រក់ និងត្រៀមខ្លួនសេដ ត្រាម៉ាឯកា ចំពោះរឿងស្នេហាបែកបាក់ ពុះជ្រែកបេះដូងជា១០០ចំណែកបាត់ទៅហើយ។ ចង់ដឹងថាបទចម្រៀងថ្មីនេះពិរោះយ៉ាងណានោះ កុំភ្លេចធ្វើការតាមដានទស្សនាទាំងអស់គ្នា៕