ឥណ្ឌា៖ ក្រុមផលិតរថយន្ត Ford នៅក្នុងរដ្ឋគូចាក្នុងរដ្ឋគូចារ៉ាត់ (Gujarat) ភាគខាងលិចប្រទេសឥណ្ឌាបានប្រកាសពីគម្រោងបិទទ្វាររោងចក្រក្រោយពីជួបការខាតបង់ទឹកប្រាក់ជាច្រើននៅក្នុងដំណើរការផលិតកម្មនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធនេះ។
ក្រុមហ៊ុន Ford បានសាងសង់រោងចក្រដំបូងរបស់គេនៅក្នុងប្រទេសឥណ្ឌាកាលពីទសវតរ្ស៍ឆ្នាំ ១៩៩០។ ក្រុមហ៊ុននេះបាននិយាយកាលពីដើមខែនេះថាគេគ្រោងនឹងឈប់ផលិតរថយន្តនៅក្នុងប្រទេសនេះនិងថាមានការខាតបង់ប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនេះនេះ បុគ្គលិករាប់រយនាក់នៅរោងចក្រផលិតរថយន្ត Ford នេះបានធ្វើបាតុកម្មកាលពីថ្ងៃអង្គារដោយទាមទារឲ្យលុបចោលគម្រោងបិទរោងចក្រនេះបើមិនដូច្នោះទេត្រូវផ្តល់ការងារផ្សេងឲ្យពួកគេ។ រោងចក្រនេះមានបុគ្គលិកធ្វើការប្រមាណជិត ១.២០០នាក់។
បុគ្គលិកក្រុមហ៊ុននេះបាននិយាយថា ផែនការបិទរោងចក្រនេះនៅចុងឆ្នាំនេះនឹងធ្វើឲ្យពួកគេបាត់បង់មុខរបរចិញ្ចឹមជីវិត។ ការណ៍ដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនបានដកខ្លួនចេញនិងបិទរោងចក្រជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យវិបត្តិគ្មានការងារធ្វើក្នុងប្រទេសឥណ្ឌាកាន់តែអាក្រក់ទៅៗដោយបង្កបញ្ហាឈមប្រឈមដ៏ធំសម្រាប់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ ២០១៤ និងសន្យាបង្កើតការងារបន្ថែមឲ្យពលរដ្ឋ៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍