វគ្គនេះផ្តោតលើអត្ថបទមតិរបស់អ្នកវិភាគ Simon Tisdale ចេញផ្សាយឡើងដោយកាសែតGuardian របស់អង់គ្លេសដែលក្នុងនោះលោកបាននិយាយថារដ្ឋបាលសហរដ្ឋអាមេរិកចង់សម្រេចបាននូវគោលដៅចំនួនបីនៅក្នុងមជ្ឈិមបូព៌ា។ ទីមួយគឺការកាត់បន្ថយភាពតានតឹងរបស់អាមេរិកជាមួយអ៊ីរ៉ង់ ទីពីរគឺការផ្សះផ្សារទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ហើយចុងក្រោយគឺការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអារ៉ាប់/អ៊ីស្រាអែល។ វគ្គនេះក៏សំដៅទៅលើព័ត៌មានអំពីនាវាដឹកប្រេងអ៊ីរ៉ង់ "Suez Rajan" ដែលត្រូវបានរឹបអូសដោយអាជ្ញាធរអាមេរិកនៅឈូងសមុទ្រម៉ិកស៊ិកក្រោមការចោទប្រកាន់លក់ប្រេងអ៊ីរ៉ង់ដែលរងទណ្ឌកម្មសេដ្ឋកិច្ច។
-
សហរដ្ឋអាមេរិកចង់សម្រេចគោលដៅ3នៅមជ្ឈិមបូព៌ា
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២០ ខែសីហាបានអោយដឹងថា ប្រឈមមុខនឹងការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ លោក Biden សង្ឃឹមថានឹងអាចសំរេចបានគោលបំណងទាំងបីនេះនៅមជ្ឈិមបូព៌ា។
ទី១គឺទំនាក់ទំនងជាមួយអ៊ីរ៉ង់។ កិច្ចពិភាក្សាក្នុងប្រទេសកាតាស្តីពីការដោះលែងជនជាតិអាមេរិកដែលជាប់ពន្ធនាគារជាថ្នូរនឹងការមិនបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន 6 ពាន់លានដុល្លាបានធ្វើឱ្យមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ក្នុងខែនេះ។ ភាគីទាំងពីរក៏ត្រូវបានរាយការណ៍ថាកំពុងពិភាក្សាអំពីការបញ្ចប់ការលក់ដ្រូនយោធារបស់អ៊ីរ៉ង់ទៅឱ្យប្រទេសរុស្ស៊ីផងដែរ។ គោលបំណងចុងក្រោយគឺកិច្ចព្រមព្រៀងទ្វេភាគីក្រៅផ្លូវការនៃការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មចេញទាំងស្រុងរបស់សហរដ្ឋអាមេរិក។
ទីពីរសត្រូវចាស់របស់អ៊ីរ៉ង់គឺអារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិកមានការខឹងសម្បារនឹងការសម្រុះសម្រួលរបស់ចិនរវាងក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ និងការសហការរបស់អារ៉ាប៊ីសាអូឌីតជាមួយក្រុងម៉ូស្គូ។ លោក Biden ចង់ឱ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ត្រលប់មកដូចដើមវិញ ហើយផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែល។
ចុងក្រោយគឺការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអារ៉ាប់ និងអ៊ីស្រាអែល។ អារ៉ាប៊ីសាអូឌីតទទូចអោយមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជារដ្ឋឯករាជ្យនៅតាមបណ្តោយរដ្ឋអ៊ីស្រាអែល។ ទោះបីជាដូច្នេះក៏ដោយ លោក Biden ហាក់ដូចជាគិតថាលោកអាចឈ្នះកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែលមួយនេះសម្រាប់ការបង្កើនភាពស្វ័យភាពរបស់ប៉ាឡេស្ទីនឡើងវិញ ការបញ្ឈប់ផែនការបញ្ចូលតំបន់ West Bank និងប្រហែលជាដំណើរការដំណោះស្រាយសន្តិភាពរដ្ឋពីរអោយរស់ឡើងវិញជាថ្នូរនឹងការដោះដូរជាមួយអារ៉ាប៊ីសាអូឌីត។
-
អាមេរិកដកប្រេងអ៊ីរ៉ង់
យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២០ ខែសីហាបានអោយដឹងថា កប៉ាល់ដឹកប្រេងដែលគ្រប់គ្រងដោយជនជាតិអាមេរិកដែលត្រូវបានសង្ស័យថាបានដឹកប្រេងឆៅរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ជាយូរមកហើយ បានចាប់ផ្តើមដកទំនិញរបស់ខ្លួនចេញនៅជិតរដ្ឋតិចសាស់កាលពីល្ងាចថ្ងៃសៅរ៍នេះបើតាមទិន្នន័យបានបង្ហាញឡើង ហើយសូម្បីតែទីក្រុងតេអេរ៉ង់ក៏បានគំរាមកំហែងនឹងកំណត់គោលដៅលើការដឹកជញ្ជូននៅក្នុងឈូងសមុទ្រពែរ្សដែរ។
ជោគវាសនានៃទំនិញនៅលើនាវាដឹកប្រេង Suez Rajan បានជាប់គាំងនៅក្នុងភាពតានតឹងកាន់តែធំរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋអ៊ីស្លាម ទោះបីជាទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនធ្វើការឆ្ពោះទៅរកការដោះដូរទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់រាប់ពាន់លានដុល្លានៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ការដោះលែងជនជាតិអាមេរិចប្រាំនាក់ក៏ដោយ។
ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់អ៊ីរ៉ង់បានព្រមានថា អ្នកដែលពាក់ព័ន្ធនឹងការដកទំនិញ "គួរតែរំពឹងថានឹងមានការវាយប្រហារវិញ"។ កងទ័ពជើងទឹកអាមេរិកបានបង្កើនវត្តមានរបស់ខ្លួនជាលំដាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅមជ្ឈិមបូព៌ា ដោយបានដាក់ពង្រាយទ័ព និងនាវាដឹកយន្តហោះUSS Bataan និងពិចារណាដាក់បុគ្គលិកប្រដាប់អាវុធលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការរឹបអូសយកនាវាបន្ថែម។
-
សមាជិកសភាជំរុញ Biden ដោះស្រាយការរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៦ ខែសីហាបានអោយដឹងថា សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សនយោបាយទាំងពីរបានជំរុញឱ្យប្រធានាធិបតីលោក Joe Biden និងសមាជិកនៃរដ្ឋបាលរបស់លោកដោះស្រាយការពន្យារពេលរយៈពេលមួយខែក្នុងការផ្ទេរទំនិញប្រេងពីកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ដែលរឹបអូសចេញពីរដ្ឋតិចសាស់។
នាវា Suez Rajan បានជាប់គាំងនៅជិតទីក្រុង Galveston ប្រហែល 80 គីឡូម៉ែត្រពីទីក្រុង Houston ចាប់តាំងពីថ្ងៃទី 30 ខែឧសភា ដោយសារក្រុមហ៊ុនដឹកជញ្ជូនភ័យខ្លាចថា នាវាណាមួយដែលដកទំនិញចេញ នឹងនាំឱ្យអ្នកទិញប្រេងផ្សេងទៀតចៀសវាងកប៉ាល់របស់ពួកគេក្នុងការធ្វើដំណើរនាពេលអនាគត។ អាមេរិកបានចាប់នាវាដឹកប្រេងក្នុងប្រតិបត្តិការអនុវត្តទណ្ឌកម្ម។
ការពន្យារពេលបញ្ជូនទំនិញចេញក៏ជាផ្នែកមួយបណ្តាលមកពីការភ័យខ្លាចពីផលប៉ះពាល់ពីប្រទេសអ៊ីរ៉ង់ដែរ។ មេបញ្ជាការជាន់ខ្ពស់នៃកងនាវាចររបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីខែមុនថាអ៊ីរ៉ង់នឹងសងសឹកប្រឆាំងនឹងក្រុមហ៊ុនប្រេងណាមួយដែលដកប្រេងអ៊ីរ៉ង់ចេញពីកប៉ាល់ដឹកប្រេងដែលរឹបអូសបាន។