វ៉ាស៊ីនតោន៖ សេតវិមានបានអះអាងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបើកប្រទេសឡើងវិញនៅក្នុងខែវិច្ឆិកាដើម្បីទទួលអ្នកដំណើរមកពីប្រទេសចំនួន៣៣រួមមានដូចជាចិន, ឥណ្ឌា, ប្រេស៊ីល និងប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញដែលនេះជាការបន្ធូរបន្ថយការរឹតបន្តឹងដែលបានដាក់ចេញកាលពីដើមឆ្នាំមុនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះ។
មន្ត្រីសេតវិមានមិនបានឲ្យដឹងពីកាលបរិច្ឆេទជាក់លាក់ក្នុងការចាប់ផ្តើមអនុវត្តបទបញ្ញត្តថ្មីនេះទេដោយគ្រាន់តែថានៅដើមខែវិច្ឆិកា ហើយព័ត៌មានលម្អិតជាច្រើនទៀតក៏នៅមិនទាន់មានការសម្រេចផងដែរ។
សហរដ្ឋអាមេរិកបានសម្រេចចិត្តយឺតជាងប្រទេសដទៃទៀតនៅក្នុងការដកការរឹតបន្តឹងបែបនេះ។ ការរឹតបន្តឹងរបស់អាមេរិកគឺដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសភាគច្រើននៅលើពិភពលោករួមទាំងជនបរទេសរាប់ម៉ឺននាក់ដែលមានសាច់ញាតិ ឬអាជីវកម្ម នៅក្នុងសហរដ្ឋអាមេរិក។
ការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានអនុវត្តដោយប្រទេសជាច្រើនក្នុងគោលបំណងដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍និងឧស្សាហកម្មអាកាសចរណ៍៕