1. រុស្ស៊ីបាញ់ Cruise មីស៊ីលមកលើគោលដៅមួយចំនួនរបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន BBC News ចុះផ្សាយថ្ងៃទី១៨ ខែឧសភាបានអោយដឹងថា រដ្ឋធានី Kyiv របស់អ៊ុយក្រែន ត្រូវបានវាយប្រហារតាមរយៈអាកាសពីសំណាក់រុស្ស៊ីជាលើកទី៩ហើយក្នុងខែនេះ។អាជ្ញាធរទីក្រុង Kyiv បាននិយាយថា វាហាក់ដូចជាមីស៊ីលទាំងអស់ដែលចូលមកត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ប៉ុន្តែកំទេចកំទីដែលធ្លាក់ពីក្នុងអាកាសមកបានបណ្តាលឱ្យមានការខូចខាតមួយចំនួននៅក្នុងសង្កាត់ចំនួនពីរ។ មន្ត្រីបាននិយាយថា មានមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលនេះនៅលើកំពង់ផែសមុទ្រខ្មៅនៃទីក្រុង Odesa ។ ការផ្ទុះក៏ត្រូវបានគេឮផងដែរនៅក្នុងតំបន់កណ្តាលភាគខាងលិចនៃទីក្រុង Vinnytsia, Khmelnytsky និង Zhytomyr ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សរុបមក មានកាំជ្រួចមីស៊ីលចំនួន ២៩ គ្រឿងក្នុងចំណោម៣០គ្រឿងដែលត្រូវបានបាញ់ដោយរុស្ស៊ីពេញមួយយប់ ត្រូវបានបាញ់ទម្លាក់បានសំរេចដោយអ៊ុយក្រែន។
2. បេសកជនពិសេសរបស់ចិនជួបជាមួយ Zelensky
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១៨ ខែឧសភាបានអោយដឹងថា ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបេសកជនពិសេសរបស់ខ្លួនលោក Li Hui បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុង Kyiv ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតកាលពីដើមសប្តាហ៍នេះ។ ក្នុងរយៈពេលពីរថ្ងៃ លោក Li និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានពិភាក្សាអំពី"វិធីក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី"។ ដោយលោក Kuleba ក៏បានប្រាប់អំពីគោលការណ៍របស់លោក Li លើកឡើង «នៃការស្តារសន្តិភាព ស្ថិរភាព និងយុត្តិធម៌ដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន"។ លោក Kuleba បានលើកឡើងម្តងទៀតនូវជំហររបស់រដ្ឋាភិបាលរបស់លោកថាអ៊ុយក្រែននឹងមិនទទួលយកសំណើណាមួយដែលពាក់ព័ន្ធនឹងការបាត់បង់ដែនដីអធិបតេយ្យភាពរបស់ខ្លួន ឬ"ការបញ្ចប់ជម្លោះ តែដំណោះស្រាយនយោបាយនៅតែមិនអាចរកឃើញនោះឡើយ" ។
3. មេដឹកនាំពិភពលោកមកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ាសម្រាប់កិច្ចប្រជុំ G7
យោងតាមសារព័ត៌មាន The Diplomat ចុះផ្សាយថ្ងៃទី១៩ ខែឧសភាបានអោយដឹងថា មេដឹកនាំពិភពលោកបានទៅដល់ថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចប្រជុំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីតាំងនៃការវាយប្រហារដោយគ្រាប់បែកបរមាណូដំបូងបង្អស់របស់ពិភពលោក ក្នុងខណៈពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ត្រូវបានរំពឹងថានឹងឈានដល់កម្រិតខ្ពស់។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចាប់ផ្តើមការទូតកិច្ចប្រជុំកំពូលរបស់លោក ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden បន្ទាប់ពីលោកបានមកដល់មូលដ្ឋានយោធា។ លោកក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ផងដែរនៅមុនពេលប្រមូលផ្តុំនៃមេដឹកនាំប្រទេសប្រជាធិបតេយ្យឯទៀតនៅលើពិភពលោកមកកាន់កិច្ចប្រជុំមួយនេះដែលមានរយៈពេល៣ថ្ងៃ និងធ្វើឡើងចាប់ពីថ្ងៃសុក្រនេះតទៅ។ នៅក្នុងពេលដែលអ្នកចូលរួម G-7 ឯទៀតបានធ្វើដំណើរមកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ទីក្រុងមូស្គូក៏បានចាប់ផ្តើមបើកការវាយប្រហារតាមអាកាសជាលើកទី៩មកលើរដ្ឋធានីអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា នឹងមាន"ការពិភាក្សាឡើងអំពីសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែន" និងអំពី "ស្ថានភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងជំហានដែលG-7នឹងធ្វើការរួមគ្នាជាពិសេសលើការអនុវត្តច្បាប់»។
4. អង់គ្លេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពេជ្រ ទង់ដែង និងអាលុយមីញ៉ូមរុស្ស៊ី
យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី១៩ ខែឧសភាបានអោយដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសហាមឃាត់ការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែលរបស់រុស្ស៊ី ក៏ដូចជាពេជ្ររុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Rishi Sunak ។ សេចក្តីថ្លែងការណ៍បាននិយាយថា ដូច្នេះការនាំចូលពេជ្ររុស្ស៊ីនឹងត្រូវបានគេហាមឃាត់នៅចុងឆ្នាំនេះ ក៏ដូចជាការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែលនៃប្រភពដើមរបស់រុស្ស៊ីផងដែរ។ សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថាចក្រភពអង់គ្លេសនឹងអនុវត្តការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីចំនួន 86 ដែលពាក់ព័ន្ធនឹងប្រព័ន្ធឧស្សាហកម្មយោធា និងវិស័យដែលផ្តល់ប្រាក់ចំណេញដល់ការនាំចេញរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូល(G7) រយៈពេលបីថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។