ភ្នំពេញ៖ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញញត្តិគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើការលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដោយលើកឡើងថា ជាការទប់ស្កាត់នូវរាល់ការចលាចលសង្គមបង្ខូចកិត្តិយសបុគ្គល។ ញត្តិគាំទ្ររបស់នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ការផ្សាយនូវព័ត៌មានបំផ្លើសគឺបង្កឱ្យមជ្ឈដ្ឋានអ្នកស្តាប់ភ័ន្តច្រឡំជាឬសគល់នៃវប្បធម៌បំផ្លាញ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងដែរថា ដើម្បីទប់ស្កាត់នូវរាល់ការចលាចលសង្គម បង្ខូចកិត្តិយសបុគ្គល និងសេចក្ដីថ្លៃថ្នូររបស់ រាជរដ្ឋាភិបាលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សូមប្រកាស ជាឱឡារិកគាំទ្រទាំងស្រុងចំពោះចំណាត់ការសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មាន VOD នៅត្រឹមម៉ោង១០ព្រឹកនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពេលអ្នកគ្រប់គ្រងនៅក្នុងស្ថាប័ន VOD ពុំបានសុំទោសចំពោះកំហុសឆ្គងនៃការផ្សព្វផ្សាយព័ត៌មានជុំវិញការផ្តល់ជំនួយដល់ប្រទេសទួកគី។ នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ VOD ទាក់ទងការផ្តល់ជំនួយដល់ប្រទេសទួកគីនាពេលថ្មីៗនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាចាត់ទុកថា មានចេតនាវាយប្រហារលើលោក ហ៊ុន ម៉ាណែត ដែលពុំបានដឹងរឿងអ្វីសោះ៕