និយតករក្នុងប្រទេសអូស្ត្រាលី បានចេញការចោទប្រកាន់ពីអំពើឃោរឃៅ លើសត្វរាប់រយក្បាលជុំវិញការស្លាប់ របស់សត្វខ្លាឃ្មុំកូឡា (Koala) រាប់សិបក្បាលក្នុងរដ្ឋ Victoria។ សត្វនេះត្រូវបានគេប្រទះឃើញងាប់នៅចម្ការឈើ ដែលត្រូវបានគេកាប់ឆ្ការនៅ Cape Bridgewater កាលពីឆ្នាំមុន។ ក្រោយមកទៀត ត្រូវបានគេទុកឲ្យស្លាប់ ដោយសារតែខ្សោះជាតិទឹក និងរបួសក្នុងអំឡុងពេលកើតហេតុ។
ម្ចាស់ដីម្នាក់ និងអ្នកឈូសឆាយដីម្នាក់ត្រូវបានចោទប្រកាន់ពីបទធ្វើបាប និងសម្លាប់សត្វដោយការឈូសឆាយក្នុងតំបន់។ ពួកគេត្រូវ ប្រឈម នឹងការចោទប្រកាន់ចំនួន ១២៦ ករណីក្នុងមួយនាក់។ ភ្នាក់ងារទីពីរ ដែលជាអ្នកម៉ៅការ ប្រឈមមុខនឹងការចោទប្រកាន់មួយពីអំពើឃោរឃៅលើសត្វ សម្រាប់ការរំខានដល់ពពួកសត្វខ្លាឃ្មុំកូឡា។ ពួកគេមិនទាន់ចូលខ្លួនបំភ្លឺនៅឡើយទេ។
និយតករអភិរក្សនៃរដ្ឋ Victoria ក៏មិនបានបញ្ចេញឈ្មោះជនជាប់ចោទនោះទេ។ ចំណែកឯ អ្នកឆ្លើយឆ្លងព័ត៌មាន BBC Sydney លោក Shaimaa Khalil រាយការណ៍ថា ការចោទប្រកាន់នីមួយៗអាចមានការផាកពិន័យធំ ឬជាប់ពន្ធនាគារយ៉ាងតិច 12 ខែ។ ដើមឈើ Blue gum ដែលជាជម្រកសត្វខ្លាឃ្មុំកូឡា ដ៏សំខាន់មួយ ត្រូវបានគេប្រមូលផលពីចំការ ដោយបន្សល់ទុកតិចតួចបំផុត។ សត្វខ្លាឃ្មុំកូឡាខ្លះបានស្រេកឃ្លានរហូតដល់ស្លាប់នៅលើដើមឈើដែលនៅសល់។ ខ្លះទៀតត្រូវបានសម្លាប់ដោយអាត្រាក់ឈូសឆាយព្រៃ។
យោងតាមទូរទស្សន៍ ABC របស់ប្រទេសអូស្ត្រាលី សត្វខ្លាឃ្មុំកូឡា ចំនួន 21 ក្បាលត្រូវបានគេរកឃើញថាបានស្លាប់នៅនឹងកន្លែង ហើយ 49 ក្បាលទៀតត្រូវគេទុកឲ្យស្លាប់។ និយតករអភិរក្ស Victorian ប៉ាន់ប្រមាណថា សត្វខ្លាឃ្មុំកូឡាចំនួន 200 ក្បាល ត្រូវបានរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ។ សត្វខ្លាឃ្មុំកូឡា គឺជាប្រភេទសត្វដែលត្រូវបានការពារនៅ ក្នុងរដ្ឋ Victoria ។
Helen Oakley ដែលជាអ្នកស្រុកនៅតំបន់នោះ បានជួបសត្វដែលងាប់ ហើយបានបង្ហោះវីដេអូនៃការយំសោក និងបញ្ជូនព័ត៌មាននេះ ដើម្បីជំរុញឱ្យមានការស៊ើបអង្កេត។ នាងបានប្រាប់ ABC ថានាងមានអារម្មណ៍រំភើបរីករាយ ដែលការចោទប្រកាន់ត្រូវបានកើតមាន បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមកនេះ។ “ខ្ញុំនៅតែគិតអំពីសត្វខ្លាឃ្មុំកូឡាជារៀងរាល់ថ្ងៃ” ។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue