ភ្នំពេញ៖ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីត្រូវបានបញ្ជូនមកដល់មាតុភូមិវិញកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ពិធីទទួលសពបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពព្រមទាំងក្រុមគ្រួសារសាច់ញាតិជាច្រើននាក់ទៀត។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម ហើយត្រូវបានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៖០០នាទី។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទីមន្ត្រីជាន់ខ្ពស់ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្មព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។ តាមរាបយការណ៍របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៣នេះកងទ័ពមួកខៀវកម្ពុជាបានពលីជីវិតចំនួន១១រូបខណៈអ្នកធ្លាប់រងរបួសមាន១៥រូបអំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ៕