1. រុស្ស៊ីដោះដូរពាណិជ្ជកម្មអាហារជាមួយនឹងសព្វាវុធកូរ៉េខាងជើង
រុស្ស៊ីកំពុងដាក់គោលដៅលើកូរ៉េខាងជើង ដើម្បីរកប្រភពអាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា ទីក្រុងមូស្គូមានគោលបំណងផ្តល់ស្បៀងអាហារ និងទំនិញផ្សេងទៀតដល់ទីក្រុងព្យុងយ៉ាងជាថ្នូរដោះដូរនឹងអាវុធ។ សេតវិមានពីមុនបានបញ្ចេញព័ត៌មានស៊ើបការណ៍សម្ងាត់ដើម្បីបង្ហាញភស្តុតាងថាអ៊ីរ៉ង់បានលក់ដ្រូនរាប់រយគ្រឿងទៅកាន់រុស្ស៊ីនៅរដូវក្តៅ ហើយខណៈដែលក្រុមហ៊ុនយោធាឯកជន Wagner ក៏បាននាំយកអាវុធពីកូរ៉េខាងជើងមកជួយពង្រឹងកងកម្លាំងរបស់ខ្លួនដែរ។ អ្នកជំនាញជឿថាស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើងគឺកំពុងតែអាក្រក់បំផុត ដោយវាស្ថិតនៅក្រោមការគ្រប់គ្រងរយៈពេល 11 ឆ្នាំរបស់លោកគីម ជុងអ៊ុន ប៉ុន្តែពួកគេនៅតែនិយាយថាពួកគេមិនបានជួបសញ្ញានៃគ្រោះទុរ្ភិក្ស ឬមនុស្សស្លាប់ច្រើនឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីដើមខែនេះថា លោក គីម បានប្តេជ្ញាពង្រឹងការគ្រប់គ្រងរដ្ឋលើវិស័យកសិកម្ម និងចាត់វិធានការផ្សេងទៀតដើម្បីបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិស្លូវ៉ាគីម្នាក់ឈ្មោះ Ashot Mkrtychev ដោយចោទប្រកាន់ថាលោកបានព្យាយាមសម្របសម្រួលកិច្ចព្រមព្រៀងសព្វាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង។ នៅចន្លោះចុងឆ្នាំ 2022 ដល់ដើមឆ្នាំ 2023 ក្រសួងរតនាគារបាននិយាយថា លោក Mkrtychev បានធ្វើការជាមួយមន្ត្រីកូរ៉េខាងជើង ដើម្បីទទួលបានអាវុធនិងគ្រាប់បែកជាង២៤ប្រភេទសម្រាប់រុស្ស៊ី ជាថ្នូរនឹងយន្តហោះពាណិជ្ជកម្ម វត្ថុធាតុដើម និងទំនិញដែលត្រូវបញ្ជូនទៅកូរ៉េខាងជើង។ លោក Mkrtychev បានធ្វើការជាមួយពលរដ្ឋរុស្ស៊ីម្នាក់ ដើម្បីស្វែងរកយន្តហោះពាណិជ្ជកម្ម ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ប្រទេសកូរ៉េខាងជើងជាការដោះដូរ។
2. លោក Donald Trump នឹងក្លាយជាប្រធានាធិបតីដំបូងគេដែលត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំ 1876
លោក Donald Trump នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ចាប់តាំងពី Ulysses S Grant ត្រូវបានចាប់ខ្លួន បន្ទាប់ពីគណៈវិនិច្ឆ័យធំនៅ Manhattan បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចោទប្រកាន់លោក Trump លើបទទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ដល់តារាសម្តែងភាពយន្តមនុស្សពេញវ័យ Stormy Daniels ។ ការចោទប្រកាន់នេះបានផ្ទុះឡើងបន្ទាប់ពីប្រធានាធិបតីទី 45 រូបនេះបានប្រកាសថាលោករំពឹងថានឹងត្រូវចាប់ខ្លួននៅដើមខែនេះដោយរដ្ឋអំណាចញូវយ៉ក បន្ទាប់ពីមេធាវីរបស់លោកបានប្រគល់ប្រាក់សរុបចំនួន 130,000 ដុល្លាដល់ Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់អំពីរឿងអាស្រូវរបស់ពួកគេ។ លោកនឹងក្លាយជាប្រធានាធិបតីដំបូងគេដែលនឹងត្រូវដាក់ខ្នោះដៃ ចាប់តាំងពីមេដឹកនាំសតវត្សទី19 Ulysses S. Grant ត្រូវបានចាប់ខ្លួនដោយសារតែការជិះរទេះសេះរបស់លោកហួសល្បឿនកំណត់។ មានម្តាយ និងកូនត្រូវបានរាយការណ៍ថា បានរងរបួសដោយអ្នកបញ្ជារទេះសេះយ៉ាងសប្បាយ ហើយប៉ូលីសបានរកឃើញថា លោកប្រធានាធិបតីក៏ស្ថិតនៅក្នុងចំណោមអ្នកបររទេះសេះដែលមិនប្រុងប្រយ័ត្ននៅក្នុងតំបន់នេះដែរ។ Grant ត្រូវបានរាយការណ៍ថាជា "បិសាចល្បឿនកំណាច" ដែលពីមុនធ្លាប់ត្រូវបានព្រមានអំពីល្បឿនរបស់លោករួចមកហើយ ហើយក៏ត្រូវបានអះអាងឡើងថាលោកមិនដឹងថាលោកកំពុងបរលឿនពេកនោះទេ។ ខណៈពេលដែលរទេះរបស់លោកមិនមានឧបករណ៍វាស់ល្បឿននោះទេ វាគឺជាលើកទីពីរហើយដែលលោកត្រូវបានចាប់ខ្លួនពីការបើកហួសល្បឿននៅលើផ្លូវរដ្ឋធានី និងទីបំផុតត្រូវបានពិន័យបង់ប្រាក់ 20 ដុល្លាដើម្បីរួចខ្លួន។ ទោះបីជាមានការប្រកាសចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ការចាប់ខ្លួនលោក Trump ពាក់ព័ន្ធនឹងការបង់ប្រាក់នឹងមិនរារាំងលោកក្នុងដំណើរក្លាយជាប្រធានាធិបតីទេ។ ច្បាប់តែមួយគត់ដែលដាក់កម្រិតសំរាប់ការឈរឈ្មោះការងារថ្នាក់កំពូលនេះគឺត្រឹមតែតំរូវអោយពួកគេជាពលរដ្ឋអាមេរិក និងមានអាយុលើសពី 35 ឆ្នាំប៉ុណ្ណោះ។
3. ចក្រភពអង់គ្លេសចូលរួមភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដើម្បីភាពចំរុះពាណិជ្ជកម្មអន្តរជាតិ
រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថាខ្លួនបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីចូលរួមជាមួយសម្ព័ន្ធភាពពាណិជ្ជកម្មប៉ាស៊ីហ្វិកដែលសហរដ្ឋអាមេរិកបានចាកចេញក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ខណៈដែលចក្រភពអង់គ្លេសសម្លឹងរកការពង្រីកពាណិជ្ជកម្មអន្តរជាតិចេញឆ្ងាយពីអឺរ៉ុប បន្ទាប់ពីកិច្ចព្រមព្រៀង Brexit ដែលបានដកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប ។ ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ ដែលត្រូវបានគេស្គាល់ថា TPP ។ ដោយក្នុងនោះមានក្លឹបនៃប្រទេសចំនួន11នៅគ្របដណ្តប់លាតសន្ធឹងកាត់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងរួមបញ្ចូលទាំងប្រទេសមួយចំនួនដូចជា ជប៉ុន កាណាដា ឈីលី និងវៀតណាម។ រដ្ឋាភិបាលចក្រភពអង់គ្លេសប៉ាន់ស្មានថា វានឹងអាចជំរុញសេដ្ឋកិច្ចបាន០,០៨% ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្មបានចង្អុលបង្ហាញថា ប្រទេសផ្សេងៗទៀតអាចនឹងចូលរួម TPP ក្នុងពេលឆាប់ៗនេះផងដែរ។ ជាងនេះទៅទៀត វាក៏ដើរតួជាយុទ្ធសាស្រ្តសំរាប់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការពង្រឹងអំណាចទន់របស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ចក្រភពអង់គ្លេសបានបញ្ជាក់អោយដឹងថា ខ្លួនរំពឹងថានឹងអាចចូលទៅក្នុងភាពជាដៃគូពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំនេះ បន្ទាប់ពីជំហានផ្លូវច្បាប់ចុងក្រោយត្រូវបានធ្វើឡើង។ គួរបញ្ជាក់ផងដែរ នៅក្នុងយុទ្ធនាការប្រធានាធិបតីឆ្នាំ 2016 លោក Trump និងលោកស្រី Hillary Clinton ទាំងពីរនាក់បានធ្វើការប្រឆាំងនឹងសមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុង TPP ដោយលោក Trump បានលើកឡើងថាវាជាការបំផ្លាញការងាររបស់ប្រជាជនអាមេរិក។
4. រុស្ស៊ីកោះហៅប្រជាជន ១៤៧,០០០នាក់ ចូលបម្រើយោធា
ទីភ្នាក់ងារសារព័ត៌មាន Tass បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ចេញនូវយុទ្ធនាការចុះចូលបំរើទ័ពនៃរដូវកាលនិទាឃរដូវជាទម្លាប់ ដោយបានហៅពលរដ្ឋចំនួន 147,000 នាក់ ឱ្យចូលបម្រើយោធាតាមច្បាប់។ ក្រឹត្យនេះត្រូវបានសរសេររៀបរាប់ឡើងថា "អនុវត្តការចូលបម្រើកងទ័ពរបស់ប្រជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ីដែលមានអាយុចន្លោះពី18ទៅ27 ឆ្នាំ ដែលមិនស្ថិតនៅក្នុងទ័ពបម្រុង អាចមានសិទ្ធិចុះឈ្មោះចូលបានចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2023 សំរាប់មនុស្សសរុបចំនួន 147,000 នាក់"។ កាលពីខែកញ្ញាឆ្នាំមុន លោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយស្នើរសុំមនុស្សចំនួន 120,000 នាក់សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ។ នៅពេលនោះ សារព័ត៌មាន Tass បានដកស្រង់សំដីរបស់ក្រសួងការពារជាតិដែលនិយាយថា ការចុះចូលនេះមិនទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនោះទេ ដែលនេះជាពាក្យប្រើផ្លូវការរបស់រុស្ស៊ីសម្រាប់សំដៅដល់សង្គ្រាមនៅអ៊ុយក្រែន។ បុរសទាំងអស់នៅក្នុងប្រទេសរុស្ស៊ីតម្រូវឱ្យបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំដោយពួកគេមានអាយុចន្លោះពី18 ទៅ 27 ឆ្នាំ ឬក៏ស្មើនឹងការចូលហ្វឹកហាត់នៅអំឡុងពេលរៀននៅឧត្តមសិក្សា។ សារព័ត៌មាន Tass បាននិយាយថា ជាមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សប្រហែល 130,000 នាក់ត្រូវបានកោះហៅឡើងនៅក្នុងយុទ្ធនាការនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះម្តងៗ។
5. EU នៅតែបន្តលួចធ្វើជំនួញជាមួយរុស្ស៊ី ទោះជាមានទណ្ឌកម្មសេដ្ឋកិច្ច
ជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំនួន10ជុំចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក សហភាពអឺរ៉ុបបានក្លាយជាការដាក់ចេញនូវទណ្ឌកម្មដ៏តឹងតែងបំផុតរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកចំពោះបរទេស។ សហភាពអឺរ៉ុបបាននិយាយថា ទណ្ឌកម្មរបស់ខ្លួនគឺសំដៅដល់ការកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូ និងលទ្ធភាពទទួលបានបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងសង្គ្រាម។ កំណត់ត្រាស្រាវជ្រាវរបស់សភាអ៊ឺរ៉ុបបាននិយាយថា ប៉ុន្តែផលប៉ះពាល់"នឹងមិនធ្ងន់ធ្ងរគ្រប់គ្រាន់នោះទេដើម្បីរឹតត្បិតសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែននៅក្នុងឆ្នាំ 2023"។ ពាណិជ្ជកម្មជាច្រើននៅតែហូរចូលរវាងប្រទេសទាំង 27 ក្នុងប្លុកនេះ និងរុស្ស៊ី ដែលជាលទ្ធផលនៃការបញ្ចុះបញ្ចូលដោយជោគជ័យ ក៏ដូចជាភាពមិនមានឆន្ទៈរបស់ EU ក្នុងការទប់ទល់ជាមួយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលធ្ងន់ធ្ងរ និងការព្រួយបារម្ភអំពីការជះឥទ្ធិពលលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ជាជាងការស្វែងរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី សហភាពអឺរ៉ុបឥឡូវនេះចង់បង្រ្កាបលើការគេចច្បាប់ដែលបានដាក់រួចមកហើយសិន ហើយមន្ត្រីកំណត់បានផងដែរថានៅក្នុងនោះមានដូចជា UAE ទួរគី អាមេនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានផ្លូវសក្តានុពលគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចទាំងនោះ។