យោងតាមសារព័ត៌មាន INDEPENDENT ចុះផ្សាយថ្ងៃទី១១ ខែឧសភាបានអោយដឹងថា អតីតប្រធានាធិបតីរូបនេះបាននិយាយថា លោកពូទីនដែលពេញដោយកលល្បិចបានសាង "កំហុសយ៉ាងខ្លាំង" ជាមួយនឹងការលុកលុយដោយការបង្ហូរឈាម។ លោក Donald Trump បានបដិសេធមិននិយាយថាលោកគាំទ្រអ៊ុយក្រែនឱ្យឈ្នះសង្រ្គាមដែលបង្ហូរឈាមនេះជាមួយនឹងរុស្ស៊ីទេ ខណៈដែលលោកបានបង្ហាញខ្លួននៅលើការផ្សាយបន្តនៃកម្មវិធី CNN Town Hall។ ប្រធានាធិបតីមួយអាណត្តិរូបនេះត្រូវបានសួរម្តងហើយម្តងទៀតដោយពិធីករអ្នកស្រី Kaitlan Collins ថាតើលោកនឹងគាំទ្រនៅពីក្រោយអ៊ុយក្រែនដែររឺទេនៅក្នុងជម្លោះដែលរយៈពេល 15 ខែកន្លងមកហើយជាមួយនឹងកងកម្លាំងរបស់លោកវ្ល៉ាឌីមៀ ពូទីន ហើយលោកក៏បានគេចវេសពីសំណួរនេះម្តងហើយម្តងទៀត។ លោកបានប្រាប់អ្នកស្រី Collins នៅពេលដែលសួរអំពីការគាំទ្ររបស់លោកចំពោះអ៊ុយក្រែនថា"ខ្ញុំមិនគិតពីការឈ្នះ និងចាញ់ទេ ខ្ញុំគិតទាក់ទងនឹងការដោះស្រាយវា ដូច្នេះយើងនឹងឈប់សម្លាប់មនុស្សទាំងអស់នេះ ហើយនឹងលែងកំទេចប្រទេសនេះទៀតហើយ" ។ បន្ទាប់មកនាងបានសួរលោកម្ដងទៀតថាតើលោកចង់ឱ្យអ៊ុយក្រែន ឬរុស្ស៊ីឈ្នះជម្លោះនេះ។ លោកក៏បានតបវិញថា"ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាលែងស្លាប់តទៅទៀត។ ពួកគេកំពុងតែស្លាប់ ទាំងជនជាតិរុស្ស៊ី និងអ៊ុយក្រែន។ ខ្ញុំចង់អោយពួកគេឈប់ស្លាប់»។ លោក Trump ក៏បានអះអាងជាថ្មីម្តងទៀតថា លោកនឹងចំណាយពេលមួយថ្ងៃក្នុងការិយាល័យ Oval Office ប៉ុណ្ណោះដើម្បីបញ្ចប់ជម្លោះនេះ។ លោកបាននិយាយថា"ខ្ញុំនឹងធ្វើវាត្រឹមរយៈពេល24ម៉ោងប៉ុណ្ណោះ អ្នកត្រូវការអំណាចជាប្រធានាធិបតីដើម្បីធ្វើវា។" ហើយលោកបានបន្ថែមថា: អ្នកដឹងទេ ខ្ញុំនឹងនិយាយរឿងនេះ ក៏ព្រោះតែខ្ញុំចង់ឱ្យអឺរ៉ុបដាក់ប្រាក់បន្ថែមទៀត។ ពួកគេគួរតែមានសមភាព ព្រោះពួកគេមានលុយច្រើន”។ បន្ទាប់មកអ្នកស្រី Collins បានសួរលោក Trump ថាតើលោកនៅតែមាន "ការគោរពយ៉ាងខ្លាំង" ចំពោះលោក Vladimir Putin ដូចដែលលោកបានអះអាងនៅពេលជាប្រធានាធិបតីដែរទេ។ “លោកបានធ្វើខុសយ៉ាងខ្លាំង។ លោកជាមនុស្សឆ្លាត...គេចង់អោយអ្នកនិយាយថាគាត់ជាមនុស្សល្ងង់ មិនអីទេ គាត់មិនមែនជាមនុស្សល្ងង់ទេ គាត់ឆ្លាតណាស់ ហើយមានល្បិចកលទៀត ហើយលោកពូទីនបានសាងកំហុសយ៉ាងធ្ងន់ធ្ងរតាមគំនិតរបស់ខ្ញុំ។”