ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកទៅលើរថយន្ត Tesla ជាងកន្លះលានគ្រឿងដែលត្រូវបានបំពាក់ដោយ Touchscreens។ វាធ្វើតាមពាក្យបណ្តឹង ដែលប្តឹងដោយអ្នកប្រើប្រាស់ដែលបានរកឃើញថា គាត់អាចលេងហ្គេមនៅពេលបើកបរបាន។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក (NHTSA) កំពុងរកពិនិត្យមើលរថយន្ត Tesla Model 3, S និង X ចំនួន 580,000 ដែលផលិតពីឆ្នាំ 2017 រហូតដល់បច្ចុប្បន្ននេះ។
Tesla មិនទាន់មានការឆ្លើយតប នឹងការស៊ើបអង្កេតនេះនៅឡើយទេ។ មុខងារដែលស្ថិតក្រោមការត្រួតពិនិត្យនេះត្រូវបានគេហៅថា Passenger Play ហើយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងហ្គេមនៅលើមុខងារ Touchscreens ក្នុងរថយន្តរបស់ពួកគេ។ វាបានព្រមានថា ការលេងខណៈពេលកំពុងធ្វើដំណើរគឺ "សម្រាប់តែអ្នករួមដំណើរប៉ុណ្ណោះ" ហើយបានសុំការបញ្ជាក់អំពីវា មុនពេលអនុញ្ញាតឱ្យដាក់កម្មវិធីលេងហ្គេម។
ប៉ុន្តែ NHTSA បានកត់សម្គាល់ថា Passenger Play "អាចរំខានដល់អ្នកបើកបរ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់"។ វាបានបន្ថែមថា មុខងារនេះអាចប្រើបានតាំងពីខែធ្នូ ឆ្នាំ 2020។ ពីមុន មុខងារហ្គេមត្រូវបានបើកតែនៅពេលដែលរថយន្តស្ថិតក្នុងអំឡុងពេលចតតែប៉ុណ្ណោះ។ កាលពីដើមខែនេះ NHTSA បានរាយការណ៍ថា ការស្លាប់នៅលើដងផ្លូវចំនួន 3,142 ក្នុងឆ្នាំ 2019 ត្រូវបានសន្មតថា ដោយសារអ្នកបើកបរមានការរំខាន។
គោលការណ៍ណែនាំដែលបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារក្នុងឆ្នាំ 2013 ណែនាំថា ឧបករណ៍ក្នុងរថយន្តត្រូវបានរចនាឡើង ដែលធ្វើឱ្យអ្នកបើកបរមិនអាចប្រើវា "ដើម្បីអនុវត្តកិច្ចការបន្ទាប់បន្សំដែលរំខាននៅពេលបើកបរ"។ កាលពីខែមុន ម្ចាស់ក្រុមហ៊ុន Tesla លោក Vince Patton មកពីរដ្ឋ Oregon បានប្រទះឃើញវីដេអូមួយនៅលើ YouTube ដែលបង្ហាញពីរបៀបដែល Passenger Play អាចត្រូវបានប្រើប្រាស់ដោយអ្នកបើកបរ។
បន្ទាប់ពីបានសាកល្បងវានៅក្នុងចំណតរថយន្ត ហើយឃើញថា អ្នកបើកបររូបនោះពិតជាអាចលេងហ្គេមជាច្រើនពេលកំពុងបើកបរ ដូច្នេះគាត់បានដាក់ពាក្យប្តឹងទៅ NHTSA ដោយពណ៌នាអំពីលក្ខណៈពិសេសនេះថា "មានការធ្វេសប្រហែសដែលមិនមានការប្រុងប្រយ័ត្ន"។ កាលពីដើមខែនេះ ក្រុមហ៊ុន Mercedes-Benz បានចេញប្រកាសអំពីការប្រមូលមកវិញសម្រាប់បញ្ហាដែលបង្កឡើងដោយកំហុសក្នុងការកំណត់រចនាសម្ព័ន្ធកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកបើកបរបើកអ៊ីនធឺណិត ឬមើលទូរទស្សន៍បាន ខណៈពេលដែលរថយន្តកំពុងមានចលនា។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue