Suga នឹងក្លាយជាសមាជិកដំបូងគេបង្អស់របស់ក្រុមចម្រៀង BTS ដែលនឹងធ្វើការប្រគំតន្រ្តី Soloនាពេលខាងមុខនេះដោយសំបុត្រចូលរួមនឹងចាប់ផ្តើមដាក់លក់ហើយចាប់ពីថ្ងៃទី៣ ខែមីនានេះតទៅ។ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅនេះ សមាជិកក្រុមចម្រៀង BTS Suga បានចេញសេចក្តីប្រកាសអំពីដំណើរ Solo Tour របស់ខ្លួនក្រោមឈ្មោះថា Agust D។ ដំណើរ Tour របស់ Suga នឹងចាប់ផ្តើមចេញពីសហរដ្ឋអាមេរិច ដែលលោកនឹងធ្វើការសម្តែងនៅ Belmont Park នៅថ្ងៃទី២៦ និងទី២៧ ខែមេសា នៅ Newark ថ្ងៃទី២៧ ខែមេសា នៅRosemont ថ្ងៃទី៣ ៥ និងទី៦ខែឧសភា នៅ Los Angeles ថ្ងៃទី១០ ទី១១ និងទី១៤ ខែឧសភា និងនៅOakland ថ្ងៃទី១៦ និងទី១៧ខែឧសភា។ បន្ទាប់មកលោកនឹងត្រលប់មកកាន់អាស៊ីវិញនិងសម្តែងនៅក្នុងទីក្រុងJakarta រយៈពេល៣យប់ចាប់ពីថ្ងៃទី២៦ ទៅថ្ងៃទី២៨ខែឧសភា នៅបាងកកថ្ងៃទី១០ និងទី១១ខែមិថុនា និងនៅសឹង្ហបុរីថ្ងៃទី១៧ និងទី១៨ខែមិថុនា មុននឹងធ្វើការប្រគំតន្រ្តីរយៈពេលពីរយប់នៅ Jamsil Indoor Stadium នៃទីក្រុង Seoul នៅថ្ងៃទី២៤ និងទី២៥ខែមិថុនា។ Suga ក៏នឹងបញ្ចេញព័ត៌មានបន្ថែមទៀតទាក់ទងនឹងការប្រគំតន្រ្តីនៅក្នុងប្រទេសជប៉ុននៅពេលក្រោយនេះទៀតផងដែរ។