1. អាវុធ Storm Shadow កំពុងត្រូវដាក់ប្រើប្រាស់វាយប្រហារតំបន់ Lugansk
យោងតាមសារព័ត៌មាន RT របស់រុស្ស៊ីចុះផ្សាយថ្ងៃទី១៤ ខែឧសភាបានអោយដឹងថា មានការវាយប្រហារមួយរបស់ទីក្រុង Kiev មកលើទីក្រុង Donbass ដោយពាក់ព័ន្ធនឹងការបាញ់កាំជ្រួចមីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយចំនួនពីរ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី និងអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា យោធាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ដើម្បីតម្រង់គោលដៅទៅលើជនស៊ីវិលនៅក្នុងទីក្រុង Lugansk របស់រុស្ស៊ី ដែលបណ្តាលឱ្យកុមារជាច្រើននាក់បានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា មានការវាយប្រហារតាមដែនអាកាសរបស់អ៊ុយក្រែនទៅលើរោងចក្រកែច្នៃអាហារ Poly-pack និងហាងលក់ទំនិញ Milam home នៅកណ្តាលទីក្រុង Lugansk មួយថ្ងៃមុននេះ ដោយបានប្រើប្រាស់នូវមីស៊ីល Storm Shadow ។ ការវាយប្រហារនេះបានកើតឡើង បើទោះបីជាមានការធានាពីទីក្រុងឡុងដ៍ថា អាវុធទាំងនោះនឹងមិនត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅវាយប្រហារមកលើទីបរិក្ខាររបស់ជនស៊ីវិលក៏ដោយ។
2. អាល្លឺម៉ង់ប្រកាសផ្តល់ជំនួយយោធា៣ពាន់លានដុល្លាបន្ថែមទៀតដល់ទីក្រុងគៀវ
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៣ ខែឧសភាបានអោយដឹងថាការសន្យាផ្តល់ជំនួយនេះកើតឡើងខណៈការស្ទង់មតិបង្ហាញថាជនជាតិអាល្លឺម៉ង់ភាគច្រើនប្រឆាំងនឹងសមាជិកភាពណាតូសម្រាប់អ៊ុយក្រែន។ ប្រទេសអាឡឺម៉ង់បានប្រកាសផ្តល់ជំនួយយោធាចំនួន ៣ពាន់លានដុល្លាបន្ថែមទៀតដល់ទីក្រុងគៀវកាលពីថ្ងៃសៅរ៍ ដែលក្នុងកញ្ចប់នោះរួមមានរថក្រោះ Leopard 1 A5 ចំនួន 30 គ្រឿង រថពាសដែក Marder ចំនួន 20 គ្រឿង រថពាសដែកប្រយុទ្ធជាង 100 គ្រឿង រថក្រោះ Howitzers ចំនួន 18 គ្រឿង ដ្រូនឈ្លបយកការណ៍ចំនួន 200 គ្រឿង ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T SLM ចំនួន 4 គ្រឿង និងគ្រាប់រំសេវ។ ជំហានរបស់ទីក្រុងប៊ែកឡាំងបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចជាលើកដំបូងចាប់តាំងពីសង្គ្រាមចាប់ផ្តើម ហើយអាល្លឺម៉ង់មានបំណងចង់បង្កើនមិត្តភាពឡើងវិញ បន្ទាប់ពីធ្លាប់បានស្ទាក់ស្ទើរក្នុងការចូលរួមជាមួយប្រទេសណាតូដទៃទៀតដើម្បីផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ។ ដំណើរទស្សនកិច្ចរបស់លោក Zelensky ត្រូវបានធ្វើឡើងនៅចំពេលដែលមានការមិនពេញចិត្តជាសាធារណៈកាន់តែខ្លាំងឡើងចំពោះស្ថានភាពបច្ចុប្បន្ន។ ការស្ទង់មតិរបស់ YouGov ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថាជនជាតិអាល្លឺម៉ង់ជាងពាក់កណ្តាលបានប្រឆាំងនឹងសមាជិកភាពរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន ខណៈដែល 55%ចង់ឱ្យទីក្រុងគៀវ និងទីក្រុងម៉ូស្គូចរចាកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
3. ជនជាតិអាល្លឺម៉ង់ជាង៥០%ប្រឆាំងនឹងសមាជិកភាពណាតូរបស់អ៊ុយក្រែន និងចង់អោយមានកិច្ចចរចាជាមួយរុស្ស៊ី
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៣ ខែឧសភាបានអោយដឹងថាការស្ទង់មតិថ្មីមួយបង្ហាញថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនអាល្លឺម៉ង់ពេញចិត្តនឹងអោយមានការចរចាសន្តិភាពរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូផងដែរ។ ជាងពាក់កណ្តាលនៃជនជាតិអាឡឺម៉ង់មិនគាំទ្រគំនិតរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូទេ ដែលជាការស្ទង់មតិរបស់ YouGov ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍កាលពីថ្ងៃសុក្រថា មានអ្នកឆ្លើយតបប្រមាណ ៥៤% បានប្រឆាំងនឹងការរំពឹងទុកនេះ។ ចំណែកមានតែ 27% នៃអ្នកធ្វើការស្ទង់មតិប៉ុណ្ណោះបាននិយាយថា ពួកគេនឹងយល់ព្រមឲ្យទីក្រុងគៀវនូវលទ្ធភាពចូលជាសមាជិកភាពនៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រជាជនអាល្លឺម៉ង់ភាគច្រើនចង់ឱ្យទីក្រុងគៀវចាប់ផ្តើមការចរចាជាមួយទីក្រុងម៉ូស្គូជំនួសវិញ នេះបើតាមការស្ទង់មតិ YouGov បង្ហាញឡើង។ យោងតាមការស្ទង់មតិ មាន55% នៃអ្នកឆ្លើយតបបានអំពាវនាវឱ្យមានការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែនស្តីពីការបញ្ចប់ជម្លោះនេះ។ ហើយមានត្រឹមតែ 28% ប៉ុណ្ណោះដែលជំទាស់។ ការស្ទង់មតិនេះកើតឡើងខណៈដែលក្រុងប៊ែរឡាំងទើបបានប្រកាសកញ្ចប់សព្វាវុធដ៏ធំមួយទៀតសម្រាប់អ៊ុយក្រែន។