ភ្នំពេញ៖ កងកម្លាំងចម្រុះចំនួនជាង១០០០០នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២និងកីឡាជនពិការ ASEAN Para Game លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កងកម្លាំងមានសមត្ថកិច្ចចំនួនជាង១៥,០០០នាក់ មកពី១៥អង្គភាព នឹងត្រូវដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រកួតកីឡា SEA GAME។
អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍លើកឡើងថា ការពង្រាយកងកម្លាំងនេះគឺដើម្បីធានាដាច់ខាតនូវសុវត្ថិភាព និងសន្ដិសុខនៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទាំងមុន និងក្រោយការប្រកួតព្រមទាំងលើកកិត្យានុភាពរបស់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន៣៧ប្រភេទ ដាក់ឱ្យប្រកួតខណៈព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រកួតលើ១៣ប្រភេទកីឡា៕