Washington-
ប្រធានាធិបតី Vladimir Putin កំពុងតែលេងល្បែងអុកចត្រង្គជាមួយនឹងបស្ចឺមប្រទេស ដោយបានធ្វើចលនាកងកម្លាំងយោធា និងសម្ភារៈសឹកនៅតាមព្រំប្រទល់រុស្សី និងអ៊ុយក្រែន, រដ្ឋមន្ត្រីក្រសួងការពារប្រទេសថ្មីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រ ដោយបានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ឲ្យចាប់ទីក្រុង Kremlin ឲ្យទទួលខុសត្រូវចំពោះការឈ្លានពានជាថ្មី។
“គាត់កំពុងតែសាកល្បងនូវសាមគ្គីភាពសហគមន៍អឺរ៉ុប, គាត់កំពុងតែសាកល្បងនូវការឯកភាពនៃសម្ព័ន្ធមិត្ត NATO, គាត់កំពុងសាកល្បងសង្គមរបស់យើង, អ៊ុយក្រែន, គាត់កំពុងតែសាកល្បង ប៉ូឡូញ និងរដ្ឋបាល់ទិក” រដ្ឋមន្ត្រីក្រសួងការពារជាតិ Oleksiy Reznikov បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងអម្លុងពេលធ្វើទស្សនកិច្ចនាទីក្រុង វ៉ាស៊ីតោន, ជាការធ្វើដំណើរដើម្បីទៅជួបដោយផ្ទាល់ជាមួយ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Lloyd Austin និងការធ្វើសំណូមពរដើម្បីសុំជំនួយបន្ថែម។
Reznikov បាននិយាយថា លោកនិងសមភាគីអាមេរិកបានមានសេចក្តីសន្និដ្ឋានដូចគ្នា អំពីស្ថានការណ៍នៅតាមព្រំប្រទល់រុស្សី-អ៊ុយក្រែន ទោះបីជាលោកបានផ្តល់យោបល់អំពីមន្ត្រីអ៊ុយក្រែនខ្លះពីដំបូង មានទស្សនៈថាកាវិវត្តិនៃស្ថានការណ៍ដូចជាមានការប្រកាសអាសន្នតិចតួច បន្ទាប់ពីមានការគំរាមកំហែងពីរុស្សីជិត៨ឆ្នាំនៃសង្រ្គាម។
“យើងមានការគណនាដូចគ្នាអំពីហានិភ័យនៃការគំរាមកំហែង, ប៉ុន្តែខុសគ្នានៅក្នុងហានិភ័យនៃផ្នត់គំនិត” Reznikov បាននិយាយ “យើងបានរស់នៅក្រោមការគំរាមកំហែងរបៀបនេះ ដូច្នេះជាចិត្តសាស្ត្រយើងហាក់ដូចជាមានភាពស៊ាំ។” Reznikov បានប្រកែកមិនព្រមធ្វើការលំអិតអំពីសំណូមពរដែលលោកបានស្នើទៅកាន់ មន្ទីរបញ្ចកោណ។
Austin បាននិយាយមុនពេលបានជួបជាមួយ Eeznikov កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកបានបន្តតាមមើលស្ថានការណ៍នៅតាមព្រំប្រទល់រុស្សី-អ៊ុយក្រែន ព្រមទាំងបានទទួលស្គាល់ថា អាមេរិកមិនទាន់ច្បាស់អំពីអត្ថន័យនៃទង្វើរជាចុងក្រោយនៅឡើយទេ។ “យើងមិនទាន់ច្បាស់ថាតើលោក Putin នឹងត្រូវធ្វើអ្វីទេ, ប៉ុន្តែទង្វើរទាំងអស់នេះ ប្រាកដជាធ្វើឲ្យយើងមានការចាប់អារម្មណ៍” Austin បាននិយាយ ដោយធ្វើការអំពាវនាវឲ្យរុស្សីត្រូវតែមានតម្លាភាពអំពីសកម្មភាពយោធារបស់ខ្លួននៅក្បែរព្រំប្រទល់៕