-
រុស្ស៊ីវាយប្រហារលើប្រព័ន្ធមីស៊ីល Patriot Battery ផលិតដោយអាមេរិច
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៦ ខែឧសភាបានអោយដឹងថា មានការវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។ តាមសេចក្តីរាយការណ៍បានអោយដឹងថា ការវាយប្រហារនេះបានធ្វើឡើងទៅលើប្រព័ន្ធការពារដែនអាកាស Patriot ដែលជាជំនួយផ្គត់ផ្គង់ឡើងដោយសហរដ្ឋអាមេរិកមកកាន់ទីក្រុងគៀវ។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal របស់រុស្ស៊ីនេះ បានបំផ្លាញទៅលើមូលដ្ឋានប្រព័ន្ធ Patriot ក្នុងទីក្រុងគៀវហើយ ដែលបណ្តាលអោយបានដកយកទីតាំងកងទ័ពអ៊ុយក្រែន កន្លែងផ្ទុកគ្រាប់បែក និងអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចផងដែរ។
មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានស្ទាក់ចាប់កាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងចំនួនប្រាំមួយដោយប្រព័ន្ធ Patriot របស់ពួកគេ ដែលជាការអះអាងឡើងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។
អ៊ុយក្រែន តាមសេចក្តីរាយការណ៍ មានប្រព័ន្ធ Patriot ចំនួនពីរនៅក្នុងប្រតិបត្តិការ ដែលមួយផ្តល់ដោយសហរដ្ឋអាមេរិក និងមួយទៀតដែលផ្តល់រួមគ្នាដោយអាល្លឺម៉ង់ និងហូឡង់។ សារព័ត៌មាន CNN បាននិយាយថា “ការដកប្រព័ន្ធមួយណាចេញពីក្រុមទាំងនោះហើយ សូម្បីតែក្នុងរយៈពេលខ្លីក៏ដោយ ក៏អាចប៉ះពាល់ដល់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនផងដែរដើម្បីការពារទីក្រុងគៀវ នៅក្នុងខណៈពេលដែលមានការវាយប្រហារដោយមីស៊ីលរុស្ស៊ីកាន់តែខ្លាំង”។
-
Zelensky និង Putin យល់ព្រមពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំអាហ្វ្រិកអំពីផែនការសន្តិភាព
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៦ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមធ្វើកិច្ចភាក្សាស្វែករកសន្តិភាពដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំអាហ្វ្រិកហើយ ដែលជាអ្នកកំពុងស្វះស្វែងរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Ramaphosa បានបង្ហាញថា លោកបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky អំពីសំណើនេះ។
នៅក្នុងសេចក្តីប្រកាសរបស់លោកកាលពីថ្ងៃអង្គារ លោក Ramaphosa បាននិយាយថា មេដឹកនាំនៃប្រទេសសេណេហ្គាល់ អ៊ូហ្គង់ដា និងអេហ្ស៊ីបក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ។ មេដឹកនាំអាហ្រ្វិកខាងត្បូងរូបនេះ ក៏បានបន្ថែមថា ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញក៏គឺសុទ្ធតែបានចូលរួមចំណែកនៅក្នុងការផ្តួចផ្តើមគំនិតមួយនេះដូចគ្នា។
ប្រទេសជាច្រើន រួមទាំងចិន ប្រេស៊ីល និងទួរគីសុទ្ធតែធ្លាប់បានផ្តល់ជំនួយជាអ្នកសម្រុះសម្រួលរវាងទីក្រុងមូស្គូ និងគៀវ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចបានទទូចឡើងថា មានតែផែនការសន្តិភាពរបស់ លោក Zelensky ប៉ុណ្ណោះគឺជាផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីដោះស្រាយជម្លោះ។
សំណើរបស់អ៊ុយក្រែនក៏ធ្លាប់ត្រូវបានទីក្រុងម៉ូស្គូបដិសេធយ៉ាងម៉ឺងម៉ាត់ ហើយរុស្ស៊ីនឹងមិនព្រមដកទ័ពចេញពីដែនដីដែលអ៊ុយក្រែនអះអាងថាជាអធិបតេយ្យភាពរបស់ពួកគេនោះទេ។
-
អ៊ុយក្រែនចូលរួមជាផ្លូវការក្នុង Nato Cyber Defense Center
យោងតាមសារព័ត៌មាន Pravda ចុះផ្សាយថ្ងៃទី១៦ ខែឧសភាបានអោយដឹងថា អ៊ុយក្រែនបានចូលរួមជាផ្លូវការក្នុង NATO Cooperative Cyber Defence Centre of Excellence
ដែលជាមជ្ឈមណ្ឌលឧត្តមភាពនៃកិច្ចសហប្រតិបត្តិការការពារសន្តិសុខអ៊ីនធឺណិតរបស់អង្គការណាតូ មានអក្សរកាត់ហៅថា (CCDCOE) ដោយមានទង់ជាតិរបស់អ៊ុយក្រែនត្រូវបានលើកឡើងនៅជិតទីស្នាក់ការកណ្តាល។
ក្រសួងការបរទេសអ៊ុយក្រែន បានលើកឡើងថា"ថ្ងៃនេះទង់ជាតិរបស់អ៊ុយក្រែនត្រូវបានលើកឡើងជាផ្លូវការនៅទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌល CCDCOE ក្នុងទីក្រុង Tallinn" ។
គួររំលឹកផងដែរថា កាលពីដើមខែមីនា ឆ្នាំមុន តំណាងប្រទេសសមាជិកណាតូចំនួន ២៧ បានសម្រេចផ្តល់តួនាទីអោយប្រទេសអ៊ុយក្រែនចូលជាសមាជិកនៃមណ្ឌល CCDCOE របស់អង្គការណាតូ។ ប៉ុន្តែមុននោះ សមាជិកភាពរបស់អ៊ុយក្រែនក៏ត្រូវបានរារាំងដោយប្រទេសហុងគ្រី។
ដោយមានទីតាំងនៅ Tallinn, CCDCOE គឺជាមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតដែលទទួលស្គាល់ដោយអង្គការណាតូ និងជាអ្នកឯកទេសគិត ស្រាវជ្រាវ វិភាគ ផ្លាស់ប្តូរព័ត៌មាន បណ្តុះបណ្តាល និងលំហាត់ការពារតាមប្រព័ន្ធអ៊ីនធឺណិត។