តារារ៉េបពូកែវាចាចុងចួនពីមួយបទទៅមួយបទនៃម្ចាស់បទ«កាលុងឃុង» លោក MC Sey ពេលនេះបានវិលត្រលប់មកជាមួយបទថ្មីវាយលុកទៀតហើយ ដែលជាបទហ៊ីបហប់មានពាក្យពេចន៍រណ្តំចុងជួនស្ទើរតែពេញមួយបទតែម្តងជាមួយនឹង Flow Melody ដ៏ប្លែក។
បទរ៉េបថ្មីរបស់លោក MC Sey មួយបទនេះ មានចំណងជើងថា«វ៉ាប់ៗវីវរ» ស្តាប់តែចំណងជើងក៏ដឹងហើយថា ពេញមួយបទចំរៀងគឺប្រទាក់ពាក្យប្រទាក់សំដីស្តាប់យ៉ាងជក់តែម្តង។ ដោយបទមួយនេះផងដែរ ត្រូវបានផលិតកម្ម CG Movement សំរេចចិត្តទម្លាក់ក្រោយចេញផ្សាយបទ«Noob» របស់លោក 1NE ដែលជាសមាជិកមួយរូបទៀតរបស់ផលិតកម្មត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះដែលប្រកៀកៗនឹងគ្នា តែនៅតែទទួលបានការគាំទ្រយ៉ាងផុសផុល និងត្រូវបានកត់សម្គាល់។
បទនេះបានចេញផ្សាយឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ហើយក៏បានទទួលការគាំទ្រយ៉ាងច្រើនអនេក ដោយត្រូវបានសូម្បីតែVlogger ល្បីឈ្មោះលោក Ravenblaze ធ្វើ Reaction ភ្លាមៗនៅក្នុងថ្ងៃបន្ទាប់តែម្តង។ ម្យ៉ាងវិញទៀតផងដែរ ចំណែកខាងផលិតកម្ម CG Movement វិញក៏បានបង្ហាញឡើងជូននូវបទចម្រៀងមួយនេះដោយបាននឹកសរសើរឡើងថា វាជាបទមួយបទដែលមានរសជាតិថ្មីប្លែក គឺរសជាតិដែលបុរសម្នាក់ត្រូវនារីលេងសើច។
បន្ទាប់ពីចេញផ្សាយបទចម្រៀងនេះផងដែរ លោក MC Sey ក៏បានបង្ហើបអោយដឹងថា លោកនឹងមានគំរោងចូលរួមការសម្តែងនៅក្នុងកម្មវិធី Murals for Cambodia Festival នៅឯ Phnom Penh Factory ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ រួមជាមួយនឹងសិល្បករឯទៀតដូចជា Sophia Kao, Polarix, Kingchi, Vin Vitou, RuthKo, B-Side, Heng, Tep Piseth, Kwan, Vito, IZAME SIVA និង Amara។