បន្ទាប់ពីស៊េរីរឿង "Euphoria" ដែលជាប្រភេទរឿងភាគមនុស្សពេញវ័យ ដែលមានអ្នកនិពន្ធ និងផលិតករ Sam Levinson កំពុងតែរួមគ្នាបញ្ចេញស្នាដៃជាមួយនឹង Abel "The Weeknd" Tesfaye នៅក្នុងរឿងភាគថ្មីមួយទៀតរបស់ពួកគេដែលមានចំណងជើងថា “The Idol”។ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ HBO Max ក៏ទើបតែបានបញ្ចេញជាផ្លូវការនៅកាលបរិច្ឆេទចេញផ្សាយរឿងភាគនេះមួយនេះផងដែរដែលនឹងចាក់បញ្ចាំងនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ។ តារាចម្រៀងស្រី K-Pop កញ្ញា Jennie Kim ដែលជាសមាជិកនៃក្រុម Blackpink ក៏នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគមួយនេះផងដែរ។
យោងទៅតាមការសង្ខេបជាផ្លូវការ រឿងភាគមួយនេះគឺផ្តោតទៅលើជីវិតនៃតារាចម្រៀងប៉ុបស្រីម្នាក់ Jocelyn ដែលបានបង្អាក់ដំណើរការប្រគំតន្រ្តីទេសចរណ៍ចុងក្រោយរបស់នាង ដោយសារផ្លូវចិត្តមិនរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយខណៈដែលនាងមានបំណងចង់ក្លាយជាតារាប៉ុបដ៏ល្បីនិងសិចស៊ីបំផុតរបស់អាមេរិក Jocelyn ក៏សំរេចចិត្តមិនបោះបង់ចោលឡើយ។ ចំណង់ចំណូលចិត្តរបស់ Jocelyn ត្រូវបានឆាបឆេះម្ដងទៀតនៅពេលដែលនាងបានជួបម្ចាស់ក្លឹបមួយរួបលោក Tedros បន្ទាប់មករឿងស្នេហារបស់ពួកគេក៏ចាប់ផ្ដើម។