ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលចំពោះការចេញផ្សាយព័ត៌មានស្ដីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះថា ជាករណីឆ្លងពីមនុស្សទៅមនុស្ស។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន២ករណីតែប៉ុណ្ណោះនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះមានកុមារីអាយុ១១ឆ្នាំ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។
លោកស្រីបានលើកឡើងនៅក្នុងសេចក្ដីប្រកាសពត៌មានថា ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ទាំង២នាក់នេះត្រូវបានសន្និដ្ឋានថា ជា“ការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពីមនុស្សទៅមនុស្ស”នោះទេ។ ក្រសួងសុខាភិបាលបានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មានវត្ថុសំណាកសរុបចំនួន៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធចំនួន២០នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយចំនួន៣១នាក់) ត្រូវបានប្រមូលដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថា អវិជ្ជមានវីរុស H5N1 ទាំងអស់។ ជាមួយគ្នានេះក្រុមអង្កេតស្រាវជ្រាវរបស់ក្រសួងសុខាភិបាលនៅតែបន្តមានវត្តមាននៅខេត្តព្រៃវែងនៅឡើយដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយបក្សី H5N1 ជាបន្តទៀតហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយផងដែរ៕