1. G7 រឹតបន្តឹងទណ្ឌកម្មរុស្ស៊ីជំុវិញសង្គ្រាមអ៊ុយក្រែន
យោងតាមសារព័ត៌មាន Aljazeera News ចុះផ្សាយថ្ងៃទី១៩ ខែឧសភាបានអោយដឹងថាមេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ (G7) បានសន្យាថានឹងរឹតបន្តឹងទណ្ឌកម្មដែលមានបំណងដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការលុកលុយលើអ៊ុយក្រែនដោយបង្កើននូវការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានពីមុនមក។ ចំណាត់ការនេះបានធ្វើឡើងនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃនៅក្នុងប្រទេសជប៉ុន ហើយបានកត់សម្គាល់នូវការដាក់ទណ្ឌកម្មចុងក្រោយបំផុត និងការត្រួតពិនិត្យការនាំចេញដែលផ្តោតលើទីក្រុងម៉ូស្គូ។ សេចក្តីថ្លែងការណ៍ដែលចេញដោយមេដឹកនាំ G7 បាននិយាយថា ការរឹតបន្តឹងនឹងគ្របដណ្តប់លើការនាំចេញគ្រឿងចក្រឧស្សាហកម្ម ឧបករណ៍ និងបច្ចេកវិទ្យាដែលមានប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ខណៈដែលកិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានបន្តដើម្បីកំណត់ប្រាក់ចំណូលរបស់រុស្ស៊ីពីពាណិជ្ជកម្មលោហៈ និងពេជ្រ។
2. រុស្ស៊ីព្រមាន"ហានិភ័យ" បើយន្តហោះចម្បាំង F-16 ត្រូវបញ្ជូនទៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន AOL បានអោយដឹងថារុស្ស៊ីបានព្រមានបណ្តាប្រទេសលោកខាងលិចថា ការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែននឹងនាំមកនូវ "ហានិភ័យដ៏ធំ" បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងគាំទ្រដល់ការផ្តល់យន្តហោះចម្បាំង។ ខណៈដែលមេដឹកនាំ G7 បានជួបប្រជុំគ្នាជាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា "នៅតែប្រកាន់ខ្ជាប់សេណារីយ៉ូបង្កើនឡើងនៃបញ្ហា"។ លោកបានបន្ថែមថា៖«វានឹងពាក់ព័ន្ធហានិភ័យដ៏ធំសម្រាប់ខ្លួនពួកគេផ្ទាល់ ក្នុងករណីណាក៏ដោយ ហើយនឹងត្រូវយកមកពិចារណានៅក្នុងផែនការរបស់យើងទាំងអស់ ហើយយើងនឹងប្រើមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅដែលយើងបានកំណត់។"
3.ដុំភ្លើង និងផ្សែងផ្ទុះឡើងពេញលើអ៊ុយក្រែននៅក្នុងការវាយប្រហាររបស់រុស្ស៊ី
យោងតាមសារព័ត៌មាន The Sun Onlineចុះផ្សាយថ្ងៃទី១៥ ខែឧសភាថ្មីៗនេះបានអោយដឹងថា ប្រទេសរុស្ស៊ីបានបញ្ជូនដ្រូនចំនួន 21 គ្រឿងទៅវាយប្រហារទីក្រុងភាគខាងលិចនៃ Khmelnytskyi ហើយទោះបីជាមាន 17 គ្រឿងត្រូវបានបាញ់ទម្លាក់ក៏ដោយ ក៏នៅមាន 4 គ្រឿងទៀតអាចទៅដល់គោលដៅរបស់ពួកវាបានដែរ។ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានកំណត់គោលដៅវាយប្រហារមកលើមជ្ឈមណ្ឌលផ្ទុកមីស៊ីលនៅអ៊ុយក្រែន ខណៈដែលកងកម្លាំងឈ្លានពានកំពុងរៀបចំប្រតិបត្តិការទប់ទល់នឹងការវាយបកពីទីក្រុង Kyiv ។ ការវាយប្រហារនេះបានបណ្តាលអោយមានដុំភ្លើង និងផ្សែងដ៏សន្ធោសន្ធៅបានផ្ទុះឡើងពេញលើអ៊ុយក្រែន។ ក្រុមមន្ត្រីបាននិយាយថា "មនុស្សជិត 30" នាក់បានរងរបួសនៅក្នុងការផ្ទុះនៅទីក្រុង Khmelnytskyi នេះ ប៉ុន្តែមានតែពីរនាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។ ការបំផ្ទុះនេះត្រូវបានរាយការណ៍ថាបានបំផ្លាញស្ថាប័នអប់រំ និងវេជ្ជសាស្ត្រ អគាររដ្ឋបាល កន្លែងឧស្សាហកម្ម អគារខ្ពស់ៗ និងលំនៅដ្ឋានឯកជន។ គួរបញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមេបញ្ជាការរុស្ស៊ី២រូបត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងសមរភូមិអ៊ុយក្រែនភាគខាងកើត។