ភ្នំពេញ៖ អង្គការប្រតិបត្តិការហិរញ្ញវត្ថុ (FATF) សម្រេចត្រៀមដកកម្ពុជាចេញពីបញ្ជីប្រផេះ នាថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខ ខណៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនមិនឱ្យភ្លេចខ្លួន និងបោះបង់ចោលកិច្ចប្រតិបត្តិការនោះទេ។ តាមរបាយការណ៍របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា មហាសន្និបាតនៃអង្គការ FATF បានប្រជុំត្រៀមបម្រុងគឺបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះខណៈការប្រកាសជាផ្លូវការណ៍នឹងធ្វើនៅព្រឹកម៉ោង១០ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានមានប្រសាសន៍ក្រើនរម្លឹកមិនឱ្យភ្លេចខ្លួន ឬមោទកភាពដោយបោះបង់កិច្ចប្រតិបត្តិការចោលនោះទេ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង បានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាដើម្បីប្រមូលគ្រប់យន្តការដែលមានការពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីការពារឱ្យបានដាច់ខាតចំពោះលទ្ធផលដែលខិតខំដណ្ដើមបានជាមួយនឹងការសម្រេចរបស់អង្គការ FATF ឱ្យបានជារៀងរហូតនិងកុំឱ្យវិលត្រលប់ថយក្រោយវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អង្គការ FATA នៅប្រទេសបារាំងបានដាក់កម្ពុជាស្ថិតក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់៕