យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១០ ខែឧសភាបានអោយដឹងថា ក្រុមហ៊ុនប្រេងបាននិយាយថា គ្មាននរណាម្នាក់រងរបួសនៅក្នុងការប៉ុនប៉ង "វាយប្រហារភេរវកម្ម" នៅក្នុងតំបន់ Bryansk នោះទេ។ស្ថានីយផ្ទុកបំពង់បង្ហូរប្រេង Druzhba ក្នុងតំបន់ Bryansk របស់រុស្ស៊ី នៅជិតអ៊ុយក្រែន ត្រូវបានបាញ់ផ្លោងលើកាលពីព្រឹកថ្ងៃពុធ នេះយោងទៅតាមប្រតិបត្តិកររបស់ក្រុមហ៊ុនមួយនេះ ដែលជាក្រុមហ៊ុនប្រេង Transneft បានអះអាងឡើង។ ឧបទ្ទវហេតុនេះត្រូវបានរាយការណ៍ដំបូងដោយឆាណែល Baza Telegram ដែលបាននិយាយថាសម្ភារៈនៅក្នុងភូមិ Sven ត្រូវបានវាយប្រហារពីរដងក្នុងរយៈពេល 20 នាទីនៅម៉ោងប្រហែល5 ព្រឹក ម៉ោងក្នុងស្រុក។ ប្រភពបានបន្ថែមថា រថក្រោះមិនបានផ្ទុកឥន្ធនៈចំនួន 3 ត្រូវបានវាយប្រហារដោយគ្រាប់បែក បន្សល់ទុកនូវប្រហោងនៅលើវាប្រវែងជាងដប់សង់ទីម៉ែត្រជាច្រើនត្រូវបានរកឃើញបន្ទាប់ពីនោះ។ ប៉ុន្មានម៉ោងក្រោយមក ប្រតិបត្តិករនៃបំពង់បង្ហូរប្រេង Druzhba ដែលជាក្រុមហ៊ុនប្រេងរុស្ស៊ី Transneft បានបញ្ជាក់ពីការវាយប្រហារនេះទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Tass ។អ្នកនាំពាក្យរបស់ក្រុមហ៊ុន លោក Igor Demin បានប្រាប់ភ្នាក់ងារថា "បាទ ព្រឹកនេះ ពិតជាមានការប៉ុនប៉ងធ្វើអំពើភេរវកម្មប្រឆាំងនឹងប្រព័ន្ធបំពង់បង្ហូរប្រេង Druzhba នៅស្ថានីយ៍ផ្ទុក 'Bryansk'ពិតមែន" ។ លោក Demin បាននិយាយថា “គ្មាននរណាម្នាក់រងគ្រោះថ្នាក់ ឬរងរបួសនោះទេ” ពីការវាយប្រហារ ដោយបានបន្ថែមថា“អាជ្ញាធរពាក់ព័ន្ធ” កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។ បំពង់បង្ហូរប្រេង Druzhba គឺជាបណ្តាញដឹកជញ្ជូនប្រេងដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានប្រវែងប្រហែល 4,000 គីឡូម៉ែត្រ និងនាំប្រេងពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន បេឡារុស្ស ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆេក អូទ្រីស និងអាល្លឺម៉ង់។ ទីបរិក្ខារបំពង់បង្ហូរប្រេងនៅក្នុងតំបន់ Bryansk ជារឿយៗត្រូវបានតម្រង់គោលដៅពីភាគីអ៊ុយក្រែនចំពេលមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ កាលពីខែមីនា ក្រុមហ៊ុន Transneft បាននិយាយថា ឧបករណ៍បំផ្ទុះជាច្រើនដែលទំនងជាត្រូវបានទម្លាក់ដោយដ្រូន ត្រូវបានរកឃើញនៅស្ថានីយ៍បូមប្រេង Novozybkov ។ ប៉ុន្មានសប្តាហ៍មុននោះ កន្លែងដដែលនេះត្រូវបានបាញ់ផ្លោង ប៉ុន្តែមិនមានការខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ។